ភ្នំចំនួន៦ មានផ្ទៃដីសរុបប្រមាណ ២០០០ហិកតា ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ
រមណីយដ្ឋានភ្នំចំនួន ០៦ ដែលមានផ្ទៃដីសរុបប្រមាណ២០០០ ហិកតា ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរដ្ឋាភិបាល ប្រកាសបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ ដោយអនុក្រឹត្យចំនួនប្រាំមួយផ្សេងគ្នា ដែលចុះកាលបរិច្ឆេទថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា។
“ការចេញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែតំបន់រមណីយដ្ឋានភ្នំទាំង០៦ នេះ ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ គឺជាការឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវៈចម្រុះ លើកស្ទួយជីវភាពប្រជពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។”
នេះជាការលើកឡើងរបស់លោក លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន តាមរយៈបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០។
លោករៀបរាប់ថា តំបន់បេតិកភណ្ឌធម្មជាតិទាំង ០៦ រួមមាន៖
ទី១៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះ-ភ្នំវែង ដែលមានទំហំផ្ទៃដី ១៥០០ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ទី២៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំយាយសំ ដែលមានទំហំផ្ទៃដី ៤១៦ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទី៣៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំបាក់ ដែលមានទំហំផ្ទៃដី ៣៦ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ទី៤៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង ដែលមានទំហំផ្ទៃដី ១៩ (ដប់ប្រាំបួន)ហិកតា ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ទី៥៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំស្វាយ ដែលមានទំហំផ្ទៃដី ១៦ (ដប់ប្រាំមួយ) ហិកតា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
និងទី៦៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះនេត្រព្រះ ដែលមានទំហំផ្ទៃដី ១៣ (ដប់បី)ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកបានបន្តថា ការដាក់ចេញអនុក្រឹត្យទាំងនេះ មិនបណ្តាលឱ្យមានការរំលោភបំពានដីរបស់ប្រជាពល រដ្ឋនៅតំបន់ទាំងនោះទេ។ ប្រជាពលរដ្ឋមានការគាំទ្រចំពោះការងារនេះ ពីព្រោះវាជាប្រយោជន៍រួមទាំងអស់គ្នា។
លោកបន្ថែមថា “ក្នុងគម្រោងថ្ងៃអនាគត ក្រសួងបរិស្ថាន នឹងផ្សព្វផ្សាយឱ្យដឹង និងអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការថែរក្សាតំបន់បេតិកភណ្ឌធម្មជាតិទាំងនោះ ជាពិសេសថែរក្សាព្រៃឈើ និងសត្វព្រៃ។”
គួរបញ្ជាក់ផងដែរថា ក្នុងពេលជាមួយគ្នានេះ នៅក្នុងខេត្តបាត់ដំបង រដ្ឋាភិបាលក៏ទើបនឹងបានសម្រេចដាក់រមណីយដ្ឋានភ្នំចំនួន០២ ជាតំបន់បេតិកភ័ណ្ឌធម្មជាតិ ដែលមានផ្ទៃដីសរុបប្រមាណជាង ៤០០ ហិកតា៕
(អានបន្ថែម)
- Video Advertisement -