ប្រភេទអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុនៅកម្ពុជា
រាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាន ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង (សំដៅដល់ការជួលដី ឬអគារក្នុងរយៈពេលពី ១៥ ឆ្នាំឡើងទៅ) ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុនសិន។
អាជីវកម្មទាំងអស់នេះ គឺជាអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ត្រូវបានបែងចែកជាបីប្រភេទ គឺ ១) អាជីវកម្មនៃការអភិវឌ្ឍលំនៅឋាន ដែលសាងសង់ផ្ទះល្វែង និងភូមិគ្រឹះ សម្រាប់លក់ ២) អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ គឺសំដៅដល់ការធ្វើអាជីវកម្មលើអគារ ឬសំណង់ដូចជា ខុនដូ អគារការិយាល័យ និងអគារផ្សារជាដើម ដែលមានម្ចាស់ច្រើននាក់រស់នៅ ឬអាស្រ័យផលនិង ៣) អាជីវកម្មអភិវឌ្ឍដីឡូតិ៍ សម្រាប់ពុះលក់។
ចំណែកឯ អ្នកអភិវឌ្ឍអចលនវត្ថុ មានពីរប្រភេទ គឺអ្នកអភិវឌ្ឍន៍អចលនវត្ថុជារូបវន្តបុគ្គល និងអ្នកអភិវឌ្ឍន៍អចលនវត្ថុជានីតិបុគ្គល។ អ្នកអភិវឌ្ឍន៍អចលនវត្ថុជារូបវន្តបុគ្គល ជាមនុស្សម្នាក់ ដែលធ្វើអាជីវកម្មលើអចលនវត្ថុណាមួយខាងលើ ឬរកស៊ីផ្នែកអចលនវត្ថុ តែមិនអចិន្ត្រៃយ៍ទេ។ ចំណែកឯ អ្នកអភិវឌ្ឍន៍អចលនវត្ថុជានីតិបុគ្គល ជាក្រុមមនុស្ស ឬក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យណាមួយ ធ្វើអាជីវកម្ម (ជួល ឬលក់) អចលនវត្ថុណាមួយខាងលើ ក្នុងរយៈពេលវែង។
បុគ្គល ឬក្រុមហ៊ុនណា ដែលមានបំណងចង់បើកអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ដែលមានទំហំលើសពី ៣០ ល្វែង ឬលើសពី ៣០ ភូមិគ្រឹះ ឬលើសពី ៣០ យូនីត ឬសម្រាប់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ ដែលមានទំហំចាប់ពី ១០ ០០០ ម៉ែត្រការ៉េ (មួយហិកតា) ឡើងទៅ ត្រូវស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូតិ៍ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចំណែក បុគ្គល ឬក្រុមហ៊ុនណា ដែលមានបំណងចង់បើកអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ដែលមានទំហំចាប់ពី០៤ ទៅ ៣០ ល្វែង ឬចាប់ពី០៣ ទៅ ៣០ភូមិគ្រឹះ ឬចាប់ពី ០៤ ទៅ ៣០ យូនីត ឬសម្រាប់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ ដែលមានទំហំក្រោម ១០ ០០០ ម៉ែត្រការ៉េ (មួយហិកតា) ត្រូវស្នើសុំលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូតិ៍ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។
គួរបញ្ជាក់ថា អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ចែកចេញជាពីរប្រភេទគឺ៖ អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទ១ សម្រាប់ផ្តល់ជូនបុគ្គល ឬក្រុមហ៊ុនណា ដែលសាងសង់គម្រោងចប់ជាស្ថាពរទើបប្រកាសលក់។ រីឯអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទ២ សម្រាប់ផ្តល់ជូនបុគ្គល ឬក្រុមហ៊ុនណា ដែលសាងសង់គម្រោងបណ្តើរ និងប្រកាសលក់បណ្តើរ។
អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតមួយ ផ្តល់ជូនសម្រាប់ទីតាំងអភិវឌ្ឍតែមួយកន្លែងប៉ុណ្ណោះ។ បើគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិមួយ បែងចែកជាច្រើនដំណាក់កាល អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ត្រូវបានផ្តល់ជូនសម្រាប់ដំណាក់កាលនីមួយៗនៃគម្រោងអភិវឌ្ឍនោះតែប៉ុណ្ណោះ។ ដូចនេះ អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ត្រូវតែមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម អាស្រ័យទៅតាមប្រភេទ និងទំហំនៃការអភិវឌ្ឍអចលនវត្ថុនោះ។ នេះបើយោងតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។
ការមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ជាការធានានូវភាពស្មើគ្នានៃផលប្រយោជន៍ រវាងអ្នកអភិវឌ្ឃ និងអ្នកប្រើប្រាស់ ហើយរួមចំណែកទប់ស្កាត់សកម្មភាពលាងសម្អាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍអចលនវត្ថុផងដែរ៕
- Video Advertisement -