អង្គការអន្តរជាតិធំៗ២ ទំលាក់ទុន ១០០លានដុល្លារ ជួយលើកកម្ពស់ឆ្នេរក្នុងខេត្តទាំង៤
អង្គការអន្តរជាតិធំៗ ២ ប្រកាសទំលាក់ទុនប្រមាណ ១០០លានដុល្លារ មកអភិវឌ្ឍតំបន់ឆ្នេរក្នុងខេត្តសំខាន់ៗ ចំនួន៤ របស់កម្ពុជា តាមរយៈគម្រោងស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព។
នេះបើតាមរយៈកិច្ចប្រជុំពិភាក្សាការងាររវាងលោក វ៉ៅ សុខា អភិបាលរងខេត្តកែប ជាមួយ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Saunders Lindsay កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
គម្រោងស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព ដែលគ្រោងចំណាយថវិកាប្រមាណ ១០០លានដុល្លារ បានមកពីអង្គការអន្តរជាតិធំៗ ២ រួមមាន ADB សរុប ៧០លានដុល្លារ និង ភ្នាក់ងារអភិវឌ្ឍបារាំង AFD ៣០លានដុល្លារ។
ទឹកប្រាក់នេះ នឹងប្រើសម្រាប់អភិវឌ្ឍន៍តំបន់ជលផលឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព ចំនួន៤ខេត្ត គឺកោះកុង ព្រះសីហនុ កំពត និងកែប។
លោក វ៉ៅ សុខា បានឱ្យដឹងថា សម្រាប់ខេត្តកែបនឹងមានគម្រោងជាច្រើន ក្នុងនោះរួមមានការអភិវឌ្ឍចំណតទូកចំនួន៤ទីតាំង នៅក្រុងកែប និងស្រុកដំណាក់ចង្អើរ សម្រាប់សម្រួលដល់ការចតទូក របស់ប្រជានេសាទ និងភ្ញៀវទេសចរណ៍ ឱ្យកាន់តែល្អប្រសើរឡើង។
ក្រៅពីនេះ ADB ក៏កំពុងជួយកសាង ផ្លូវបេតុងប្របមាត់សមុទ្រប្រវែងជាង ១២គីឡូម៉ែត្រ ទីលានកប់សម្រាម និង ផែទេសចរណ៍នៅកោះទន្សាយ។ (អានបន្ថែម)
ក្រៅពីនេះ រដ្ឋបាលខេត្តក៏កំពុងធ្វើការងារអភិវឌ្ឍផ្សេងទៀត ដូចជា ការពង្រីក និងកែលម្អឆ្នេរជ្រោយដូង មុខសាលាខេត្ត និងការកសាងឆ្នេរកំសាន្តសាធារណៈប្រវែង ២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម ដល់ព្រៃកោងកាងជាដើម។

