ការចរចាលើតំបន់ប្រេង-ឧស្ម័នដ៏មហាសាល រវាងកម្ពុជា-ថៃ ឈានជិតដល់ចុះកិច្ចព្រមព្រៀងហើយ
ការចរចាបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នាអំពីការរុករកប្រេង និងឧស្ម័នដ៏ធំសម្បើមក្នុងតំបន់អភិវឌ្ឍរួម (JDA) នៃឈូងសមុទ្រថៃ រវាងកម្ពុជា-ថៃ បានឈានដល់មួយកម្រិតទៀត និងកៀកនឹងចុះកិច្ចព្រមព្រៀងហើយ។ នេះបើតាមគេហទំព័រសារពត៌មាន The Stars កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។
ភាគីថៃបានលើកយកបញ្ហានេះ មកប្រជុំពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់ខ្លួនជាសម្ងាត់រយៈពេល ២០នាទីទៅលើសំណើកិច្ចព្រមព្រៀងលើតំបន់អភិវឌ្ឍន៍រួមគ្នា (JDA) រវាងកម្ពុជា និងថៃ កាលពីថ្ងៃអង្គារ ទី០៣ ខែមករា។
គេហទំព័រខាងលើនេះ បានបន្ថែមឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Gen Prawit Wongsuwan របស់ថៃ បានថ្លែងនៅក្នុងកិច្ចប្រជុំខាងលើថា គាត់បានជួបជាមួយនឹង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីខែមុន ដើម្បីពិភាក្សាលើគម្រោងតំបន់អភិវឌ្ឍរួម (JDA) ចំពោះការរុករកប្រេង និងឧស្ម័នក្នុងតំបន់ផ្ទៃសមុទ្រត្រួតស៊ីគ្នា។
រដ្ឋមន្ត្រីថៃ បានថ្លែងបន្ថែមថា ឯកឧត្តម ស៊ុយ សែម មានបំណងអនុវត្តកិច្ចព្រមព្រៀង JDA ជាមួយថៃ ក្រោមលក្ខខណ្ឌ ដែលថាប្រទេសទាំងពីរនឹងពិភាក្សាផងដែរលើព្រំដែនអធិបតេយ្យភាព ដោយយកគំរូតាមកិច្ចព្រមព្រៀងដែលធ្លាប់ធ្វើកន្លងមក។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថៃ បានប្រាប់ទៅ ឯកឧត្តម ស៊ុយ សែម ថាប្រេង និងឧស្ម័ន ដែលយកបានពី JDA នឹងអាចឱ្យប្រទេសទាំងពីរពឹងផ្អែកលើប្រភពថាមពលរបស់ខ្លួនបាន ហើយអាចមានការអភិវឌ្ឍលើវិស័យផ្សេងៗថែមទៀតផង។
ជាមួយនឹងកិច្ចប្រជុំខាងលើនេះ គណៈរដ្ឋមន្ត្រីថៃ បានឯកភាពយល់ព្រមបង្កើតឱ្យមានគណៈកម្មាធិការមួយរៀបចំ និងត្រួតពិនិត្យលើកិច្ចព្រមព្រៀង JDA ជាមួយកម្ពុជា ដែលមានរដ្ឋមន្ត្រីការបរទេសជាប្រធាន និងដោយយកគំរូតាមកិច្ចព្រៀង JDA រវាងថៃ និងម៉ាឡេស៊ី (១៩៧៩)។
គួរបញ្ជាក់ថា តំបន់ទាមទារត្រួតស៊ីគ្នាលើផ្ទៃសមុទ្រមានទំហំប្រមាណ ២៦០០០ គីឡូម៉ែត្រការ៉េ ដែលប៉ាន់ស្មានថាអាចផ្ទុកប្រេង និងឧស្ម័នរហូតដល់ ៥០០លានបារ៉ែលនៅក្រោមបាតសមុទ្រ ហើយតំបន់អភិវឌ្ឍរួមគ្នា ដែលនឹងត្រូវចុះកិច្ចព្រមព្រៀងនោះមានទំហំ ១៦០០០ គីឡូម៉ែត្រការ៉េ ។ (អានបន្ថែម)
- Video Advertisement -