កម្ពុជា-ឡាវ កំពុងពិភាក្សាការតភ្ជាប់ផ្លូវដែក និងសហការគ្នាលើវិស័យសំខាន់ៗមួយចំនួន
កម្ពុជា និងឡាវ បានពិភាក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែករវាងប្រទេសទាំងពីរ ខណៈរថភ្លើងល្បឿនលឿនរវាងចិន និងឡាវ បានភ្ជាប់រួចរាល់។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។
ភាគីទាំងពីរ បានបង្ហាញពីគោលបំណងក្នុងតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងឡាវ ក៏ដូចជាប្រទេសដទៃទៀតផងដែរ។
ខណៈដែលប្រទេសឡាវពេលនេះ មានផ្លូវដែកថ្មីដែលទើបតែសាងសង់រួចប្រវែងជាង ១០០០ គីឡូម៉ែត្រ ក្នុងល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលផ្លូវរថភ្លើងល្បឿនលឿន ១ខ្សែនេះ បានតភ្ជាប់តភ្ជាប់ប្រទេសចិននិងឡាវ។ (អានបន្ថែម)
កន្លងមក ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន ប្រទេសឡាវធ្លាប់បានប្រកាសពីផែនការចង់តភ្ជាប់ផ្លូវដែកជាមួយកម្ពុជា ក្នុងទិសដៅ ដើម្បីពង្រីកពាណិជ្ជកម្ម និងប្រព័ន្ធដឹកជញ្ជូនទ្វេភាគី ក៏ដូចជាបង្កើតជាខ្សែសង្វាក់ដឹកជញ្ជូនពេញលេញមួយរវាងកម្ពុជា ឡាវ និងចិន។ (អានបន្ថែម)
ក្រៅពីបំណងតភ្ជាប់ផ្លូវដែក កម្ពុជា និងឡាវ ក៏បានពិភាក្សាលើការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តាទីក្រុងជាពិសេសហ្លួងព្រះបាង ទៅសៀមរាប និងភ្នំពេញ ដែលផ្តល់ឱកាសសម្រាប់អ្នកទេសចរបង្វែរគោលដៅពីកម្ពុជា មកឡាវ និងពីឡាវមកកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ ភាគគីទាំងពីរ បានយល់ស្របគ្នាការតភ្ជាប់រវាងខេត្តចំប៉ាសាក់ជាមួយខេត្តព្រះវិហារ និងរវាងខេត្តអាតាពើជាមួយខេត្តរតនគីរី ដែលមានភាពអំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះផងដែរ សម្តេចតេជោ ក៏បានលើកឡើងទៀតថា ប្រទេសឡាវ គឺជាធុងអាគុយដ៏ធំនៃអគ្គិសនីក្នុងតំបន់អាស៊ាន ហើយកម្ពុជាក៏ជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ដែលត្រូវយកចិត្តទុកដាក់សហការគ្នា ទៅលើបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្មផងដែរ។
រូបភាពដោយ qstheory
- Video Advertisement -