កម្ពុជា-ជប៉ុនចុះអនុស្សារណៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលអគ្គិសនី
ក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារធានារ៉ាប់រង និងការវិនិយោគជប៉ុន (NEXI) ដែលជាក្រុមហ៊ុនឯកជនរបស់រដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខារួមគ្នាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិត បញ្ជូន និងចែកចាយថាមពលអគ្គិសនី។
ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពី “សហគមន៍ឧស្ម័នសូន្យអាស៊ី-Asia Zero Emission Community (AZEC)” ដែលបានប្រព្រឹត្តនៅថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ដោយមានការចូលរួមពីរដ្ឋមន្ត្រីថាមពលនៃប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាមនិងដៃគូអភិវឌ្ឍន៍របស់ AZEC។
ស្ថិតក្រោមអនុស្សារណៈនេះ ទីភ្នាក់ងារ NEXI របស់ជប៉ុន នឹងជួយសិក្សាអំពីលទ្ធភាពក្នុងការផ្តល់សេវាឥណទាន និងមូលបត្រសម្រាប់គម្រោងអភិវឌ្ឍន៍ប្រភពថាមពលបៃតង ការពង្រឹងប្រព័ន្ធបណ្តាញអគ្គិសនីរបស់កម្ពុជា និងការនាំចេញអគ្គិសនីនាពេលអនាគត។
ជាមួយគ្នានេះផងដែរ ជាជំហានដំបូង គម្រោងនេះ នឹងពិនិត្យលទ្ធភាពក្នុងការសិក្សាអំពីបច្ចេកវិទ្យា និងវិធានការអាទិភាពនានា ដោយផ្អែកលើលទ្ធផលនៃការសិក្សាផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការបំភាយឧស្ម័នកម្រិតសូន្យឆ្នាំ២០៥០ ដែលក្រសួងរ៉ែ និងថាមពលបានសហការជាមួយទីភ្នាក់ងារ JICA និងលទ្ធផលនៃការសិក្សាអំពីលទ្ធភាពក្នុងការអភិវឌ្ឍប្រព័ន្ធវិញ្ញាបត្របៃតងជាមួយ UNDP។
គម្រោងនេះ នឹងផ្តល់ជំនួយក្នុងការរៀបចំគោលការណ៍ណែនាំសម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំ AZEC រយៈពេល ២ថ្ងៃនៅទីក្រុងតូក្យូ គឺដើម្បីបង្ហាញអំពីការប្តេជ្ញារួមគ្នាក្នុងការបង្កើនល្បឿនអន្តរកាលថាមពលស្អាត មានចីរភាព មានតម្លៃសមរម្យ និងដាក់បញ្ជូលគម្រោងអន្តរកាលថាមពល ដើម្បីឆ្ពោះទៅរកអព្យាក្រឹត្យកាបូន/ការបំភាយឧស្ម័នកម្រិតសូន្យក្នុងតំបន់អាស៊ី ជាមួយនឹងការធានាឱ្យបាននូវសន្តិសុខថាមពល និងស្របទៅតាមលក្ខខណ្ឌនៃភូមិសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងភាពចម្រុះនៃប្រភពថាមពល និងបច្ចេកវិទ្យារបស់ប្រទេសនីមួយៗ។
សហគមន៍នេះ នឹងរួមគ្នាលើកកម្ពស់អន្តរកាលដែលសមស្របជាមួយនឹងកំណើនសេដ្ឋកិច្ចនិងភាពធន់ ជាពិសេសតាមរយៈនាវានុវត្តន៍ ការចែករំលែកគំនិតយោបល់ និងទស្សនៈលើបញ្ហាប្រឈម និងឱកាសក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ដើម្បីចូលរួមប្រឆាំងនឹងបំរែបម្រួលអាកាសធាតុ។
- Video Advertisement -