រោងចក្រដំឡើងរថយន្តរបស់ជប៉ុន ISUZU បើកដំណើរការជាផ្លូវការនៅកំពង់ស្ពឺហើយ
រោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) តម្លៃជាង ៧លានដុល្លារ របស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ ក្រោមអធិបតីឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។
គម្រោងរោងចក្រនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តកាលពីដើមឆ្នាំ២០២២កន្លងមក មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅក្នុងភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លា និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។
ឯកឧត្តមបញ្ជាក់ថា រោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុន, នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមលើសារព័ត៌មាន Fresh News ។
ឯកឧត្តមបន្តថា វត្តមាននៃគម្រោងវិនិយោគក្នុងខេត្តកំពង់ស្ពឺនេះ គឺជាជោគជ័យនៃគោលនយោបាយពង្រាយរោងចក្រនៅតាមបណ្តាខេត្តផងដែរ។ ជាក់ស្តែង ក្នុងអំឡុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ មានប្រមាណ ៦០% នៃគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទីតាំងនៅតាមបណ្តាខេត្តនានា ក្រៅពីខេត្តកណ្តាល និងរាជធានីភ្នំពេញ។
គួររម្លឹកថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងរថយន្តដែលជាម៉ាកល្បីៗជាច្រើន ដូចជា Hyundai, Kia, Ssangyong, Soueast, Dongfeng, Ford, និង Toyota ហើយកាលពីខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន RMA Cambodia បានបើកដំណើរការរោងចក្រដំឡើងរថយន្តម៉ាក Ford ក្រោមទំហំទឹកប្រាក់វិនិយោគចំនួន ២១លានដុល្លារ នៅក្នុងខេត្តពោធិ៍សាត់ផងដែរ។ (អានបន្ថែម និងបន្ថែម)


- Video Advertisement -