ត្រឹមខែមីនា២០២៣ ត្បូងឃ្មុំសង់ផ្លូវបានជិត ៣ពាន់គ.ម ខណៈផ្លូវ៧១C តម្លៃ១៣០លានដុល្លារ សង់បាន ៧០%
គិតរហូតមកទល់នឹងពេលនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានសាងសង់ផ្លូវនៅក្នុងខេត្តសរុបបានចំនួន ២.៦៩៨គីឡូម៉ែត្រ។ ក្នុងនោះ គម្រោងផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណជាង ៧០ភាគរយ ហើយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤ ខាងមុខ។
នេះបើយោងតាមឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងនៅក្នុងសន្និសីទជោគជ័យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
លោកអភិបាលខេត្តបានបន្តថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ផ្លូវដែលស្ថិតនៅក្រោមមន្ទីរអភិវឌ្ឍន៍ជនបទមានចំនួន ៧៩៤ខ្សែ មានប្រវែងសរុបចំនួន ២.៤៦៩គីឡូម៉ែត្រ។ ក្នុងនោះ មានការស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ២២ខ្សែ ប្រវែង ៥០៩គីឡូម៉ែត្រ និងផ្លូវបេតុង ១០ខ្សែ មានប្រវែង ១៤៤,៤៥គីឡូម៉ែត្រ ព្រមទាំងបានជួសជុលថែទាំផ្លូវចំនួន ៦២ខ្សែ ប្រមាណ ៦៩០,៦៩គីឡូម៉ែត្រ។
អភិបាលខេត្តបានឱ្យដឹងទៀតថា នៅខេត្តត្បូងឃ្មុំ មានផ្លូវជាតិឆ្លងកាត់ជាច្រើនខ្សែ ដូចជា ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៧៣ ផ្លូវជាតិលេខ៧២ និងផ្លូវជាតិលេខ៧១សេ ដែលកំពុងសាងសង់។
ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ទៀតថា នៅពេលសាងសង់រួចរាល់ គម្រោងផ្លូវជាតិលេខ ៧១សេនឹងផ្តល់នូវផលចំណេញច្រើនណាស់។ ជាក់ស្តែង ប្រសិនបើធ្វើដំណើរពីសួង ទៅកាន់ស្រុកឈូក ឈានទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មារ មានចម្ងាយជាង ៨០គីឡូម៉ែត្រ ប៉ុន្តែប្រសិនបើធ្វើដំណើរតាមផ្លូវមួយនេះ ពីស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ទៅបុរីរដ្ឋបាល មានចម្ងាយតែជាង ៦៥គីឡូម៉ែត្រតែប៉ុណ្ណោះ។
សម្រាប់ជំហានបន្ទាប់ មន្ទីរអភិវឌ្ឍជនបទគ្រោងបន្តស្ថាបនាផ្លូវកៅស៊ូ ២២ខ្សែ ប្រវែង ២០៥គីឡូម៉ែត្រ និងផ្លូវបេតុង ៥ខ្សែ ប្រវែង ៣២គីឡូម៉ែត្រ។ ចំណែក ផ្លូវដែលស្ថិតនៅក្រោមមន្ទីរសាធារណខេត្តមានប្រវែងជាង ២២៩គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៧១សេ ប្រវែងប្រមាណ ១១៥ គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ដែលចំណាយថវិកាប្រមាណ ១៣០លានដុល្លារ ហើយគ្រោងដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៤ខាងមុខនេះ៕ (អានបន្ថែម)
- Video Advertisement -