រដ្ឋជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញខ្នាតតូច ដើម្បីបំពេញតម្រូវការតាមទីជនបទ
ក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឱ្យប្រើប្រាស់ថាមពលខ្នាតតូច ដោយផ្ដោតទៅលើការផ្គត់ផ្គង់ថាមពលខ្នាតតូចពីពន្លឺព្រះអាទិត្យ និងជីវឧស្ម័ន ដើម្បីបម្រើតម្រូវការថាមពលនៅតាមតំបន់ជនបទដាច់ស្រយាល។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅនៅឆ្នាំ២០២០ គ្រប់ភូមិទាំងអស់មានថាមពលអគ្គិសនីប្រើប្រាស់ រួមទាំងការបំភ្លឺដោយអាគុយ និងនៅឆ្នាំ២០៣០ យ៉ាងហោចណាស់ ៧០% នៃលំនៅឋានទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីប្រើប្រាស់ដោយភ្ជាប់ពីខ្សែបណ្តាញដែលមានគុណភាព។
បន្ថែមពីនេះ រដ្ឋបានកំណត់គោលដៅផលិតថាមពលឱ្យបាន ៣៥% ពីធ្យូងថ្ម ៥៥% ពីវារីអគ្គិសនី និង ១០% ពីថាមពលកកើតឡើងវិញផ្សេងៗ។
ដើម្បីសម្រេចគោលដៅនេះ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងសហគមន៍ក្រីក្រនៅតាមតំបន់ដែលមិនមានបណ្តាញអគ្គិសនី ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវសៀវភៅណែនាំបច្ចេកទេស ដែលជាឧបករណ៍ជំនួយសម្រាប់អ្នកពាក់ព័ន្ធនានា ក្នុងវិស័យផ្គត់ផ្គង់ថាមពលខ្នាតតូចយកទៅប្រើប្រាស់ ជាចំណេះដឹង និងមធ្យោបាយផ្គត់ផ្គង់ថាមពលប្រកបដោយប្រសិទ្ធភាព។
បើតាមសៀវភៅណែនាំនេះ បានបញ្ជាក់ឱ្យដឹងថា ការប្រើប្រាស់ថាមពលកកើត ដើម្បីផលិតអគ្គិសនី ឬភ្លើង ផ្តល់ផលប្រយោជន៍ជាច្រើនរួមមាន៖
- តម្លៃអគ្គិសនីសមរម្យ និងមាននិរន្តរភាពសម្រាប់ការប្រើប្រាស់
- កាត់បន្ថយសេចក្តីត្រូវការ នៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល
- កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជាពិសេសឧស្ម័នកាបូនិច (CO2) ដែលធ្វើឱ្យឡើងកម្តៅផែនដី និងការប្រែប្រួលអាកាសធាតុ
- ធ្វើឱ្យខ្យល់ស្អាតជួយទ្រទ្រង់សុខភាពមនុស្ស កាត់បន្ថយជំងឺរ៉ាំរ៉ៃ រលាកទងសួត ជំងឺសរសៃឈាម បេះដូង។ល។
សៀវភៅនេះ នឹងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសារៈប្រយោជន៍នៃថាមពលកកើតឡើងវិញ និងជួយអ្នករៀបចំគ្រោងការគម្រោងកម្មវិធីផ្គត់ផ្គង់ថាមពលកកើតឡើងវិញ សម្រាប់ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ និងភ្លើងបំភ្លឺផ្លូវសាធារណៈដើរដោយថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធឡជីវឧស្ម័នឲ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពសម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទដាច់ស្រយាល ជាពិសេស តំបន់ដែលខ្វះថាមពលប្រើប្រាស់ ។
- Video Advertisement -