ក្រុមហ៊ុនសឹង្ហបុរី និង CAIC រួមគ្នាវិនិយោគសេវាជួសជុលយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី
ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) និង ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារភាគហ៊ុនសឹង្ហបុរី SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការដើម្បីបណ្តាក់ទុនរួមគ្នាលើ line maintenance ដែលជាសេវាកម្មជួសជុលយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងដាក់ដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខ។
កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC និងលោក Ng Chin Hwee អគ្គនាយកក្រុមហ៊ុន SIAEC នៅថ្ងៃទី ៣០ ខែឧសភា។
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងបំពេញបន្ថែមទៅលើបណ្តាញស្ថានីយ៍ Line Maintenance អន្តរជាតិ (LMI) ដែលមានស្រាប់របស់ SIAEC។ ផ្អែកលើសមត្ថភាពវិស្វកម្ម និងបទពិសោធន៍ប្រតិបត្តការពីគ្រប់បណ្តាញ LMI របស់ SIAEC ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះរំពឹងថានឹងក្លាយទៅជាស្ថានីយ៍ ថែទាំ និងជួសជុល (MRO) យន្តហោះប្រចាំថ្នាក់តំបន់ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។
អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC មានប្រសាសន៍ថា៖ យើងមានភាពរីករាយជាខ្លាំងក្នុងការសហការជាមួយក្រុមហ៊ុន SIAEC។ យើងមានជំនឿយ៉ាងមុតមាំថាជំនាញបចេ្ចកទេស និងការបំពេញការងារអនុលោមតាមគោលការណ៍របស់ SIAEC នឹងផ្តល់សារៈសំខាន់ដល់ភាពជោគជ័យយូរអង្វែងនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាលទ្ធផលនឹងផ្តល់ឱកាសការងារសំខាន់ៗដល់ទីផ្សារពលកម្មយើងកាន់តែច្រើន។ យើងមានក្តីរំភើបឥតឧបមា ហើយជឿជាក់ថាកិច្ចសហការជាដៃគូរយុទ្ធសាស្ត្រនេះ នឹងហុចផ្លែផ្កាលើសពីការរំពឹងទុក។
លោក Ng Chin Hwee អគ្គនាយកក្រុមហ៊ុន SIAEC មានប្រសាសន៍ថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាការសហការជាមួយក្រុមហ៊ុន CAIC នឹងផ្តល់ការគាំទ្រដ៏ស៊ីជម្រៅ ផ្នែក Line Maintenance ជាមួយការជឿជាក់ខ្ពស់ និងសេវាកម្មវិស្វកម្មប្រកបដោយគុណភាពទៅដល់ប្រតិបត្តិការអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោក Ng Chin Hwee លើកឡើងថា៖ “វាក៏បានជួយពង្រឹងតួនាទីរបស់ SIAEC ជាប្រតិបត្តិករផ្តល់សេវា Line Maintenance ឈានមុខគេជាមួយគុណភាព និងប្រសិទ្ធភាពសេវាកម្មថែទាំ និងជួសជុលខ្ពស់ដល់អតិថិជននៅបរទេសទាំងអស់”។
អាកាសយានដ្ឋានអន្តរជាតិតេជោ (ដំណាក់កាលទី១) គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលបានសាងសង់នៅភាគខាងត្បូងទីក្រុង ចម្ងាយប្រមាណ ១៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាមួយគម្រោងសាងសង់សរុប ១.៥ពាន់លានដុល្លារ ។
ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ចែកចេញជា ៣ ដំណាក់កាល ខណៈបច្ចុប្បន្នសម្រេចការសាងសង់សម្រេចបានប្រមាណ ៥០ភាគរយហើយ។ (អានបន្ថែម)
- Video Advertisement -