ក្រុមហ៊ុនចិនដ៏ធំ១ទទួលបានសិទ្ធិគូសប្លង់ និងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គ
ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះ Beijing Urban Construction Group Co.,Ltd (BUCG) ទទួលបានសិទ្ធិសិក្សាសមិទ្ធិលទ្ធភាពគូសគំនូរប្លង់ និងសាងសង់ស្ថានីយ៍បូមដោយយកប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត និងប្រព័ន្ធបណ្តាញ នៅកម្ពុជា។
នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់រវាងក្រសួង រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រុមហ៊ុន BUCG កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបង្ហាញពីមូលហេតុដែលជ្រើសរើសក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយនេះ ដោយសារភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ ក្នុងការសាងសង់សំណង់ធំៗ នៅក្នុងស្រុក និងក្រៅស្រុក ដូចជា៖ អាកាសយានដ្ឋាន ពហុកីឡដ្ឋានជាតិ ផ្លូវល្បឿនលឿន អាងប្រព្រឹត្តកម្មទឹកស្អាត និងស្ថានីយ៍ចម្រោះទឹកកខ្វក់។
ម្យ៉ាងវិញទៀត គម្រោងសាងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គនេះ ត្រូវប្រើដើមទុនច្រើន និងបច្ចេកទេសខ្ពស់ គឺត្រូវយកប្រភពទឹកដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីទន្លេមេគង្គជាមួយនឹងការតបំពង់ទុយោធំៗ និងសាងសង់អាងប្រព្រឹត្តកម្មទឹកស្អាតជាច្រើនកន្លែង ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ចាប់ពីភាគខាងកើតដងទន្លេមេគង្គ រហូតដល់ព្រំដែនវៀតណាម ឲ្យរួចចាកផុតពីគ្រោះថ្នាក់នៃឥទ្ធិពលជាតិពុលគីមី។
គួរបញ្ជាក់ថា ក្នុងការគម្រោងនេះ ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន (China Civil Engineering Construction Corporation) ទទួលបានសិទ្ធិក្នុងការសិក្សាពីសមិទ្ធិលទ្ធភាពលើគម្រោងនេះផងដែរ។ (អានបន្ថែម)
គម្រោងនេះ នឹងចូលរួម ចំណែកក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋរស់នៅខាងកើតដងទន្លេមេគង្គ រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ ដែលជាខេត្តរងគ្រោះដោយការទម្លាក់គ្រាប់បែក និងការរោយម្សៅព័ណ៌ទឹកក្រូច ដើម្បីជម្រុះស្លឹកឈើ ក្នុងសម័យសង្គ្រាមឥណ្ឌូចិននិងសហរដ្ឋអាមេរិកទស្សវត្សន៍ឆ្នាំ៦៩-៧០ ដែលសុទ្ធតែជាតិគីមីដែលរងឥទ្ធិពលដល់ជីវិត សត្វ មនុស្ស ជាច្រើនឆ្នាំទៅមុខ តាមរយៈការប្រប្រាស់ទឹកឆៅ លើដី និងក្រោមដី ដែលមានជាតិគីមីពុលទាំងនេះ។
- Video Advertisement -