ផ្លូវយុទ្ធសាស្ត្រលេខ៣១២ តម្លៃជាង២៤លានដុល្លារ នៅខេត្តព្រៃវែង បើកការដ្ឋានសាងសង់ហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកការដ្ឋានលើកកម្រិតគុណភាព ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ដែលជាផ្លូវយុទ្ធាសាស្ត្រក្នុងខេត្តព្រៃវែង ដោយគ្រោងចំណាយថវិកាអស់ជាង ២៤លានដុល្លារ។
ពិធិបើកការដ្ឋាននេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
ផ្លូវខេត្តលេខ៣១២នេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយដែលឆ្លងកាត់ឃុំចំនួន៤ ក្នុង ភូមិសាស្ត្រនៃស្រុកព្រះស្តេច ខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំ បន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ព្រំដែន(កម្ពុជា-វៀតណាម)។
បន្ថែមពីនេះ ផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។
គម្រោងនេះ នឹងត្រូវស្ដារពង្រីកទទឹងតួផ្លូវដែលបច្ចុប្បន្នមានប្រវែងប្រមាណពី ៤ ទៅ ៥ម៉ែត្រ ទៅទទឹងតួផ្លូវ ប្រវែង ១២ម៉ែត្រ និងលើកកម្រិតគុណភាពពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទ ផ្លូវក្រាលកៅស៊ូAC មានកម្រាស់ ៦សង់ទីម៉ែត្រ និង ៨សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២៥សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ម៉ែត្រ និងមានគន្លងសម្រាប់រថយន្ត និងគន្លង សម្រាប់ទោចក្រយានធ្វើចរាចរណ៍(២គន្លង ទៅ-មក)។
ផ្លូវមួយខ្សែនេះផងដែរ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន ៦០ខែ ដោយប្រើប្រាស់កម្ចីពីធនគារអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលប្រមាណ ២៤,៨៩ លានដុល្លារ។
ក្រៅពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីលើការរៀបចំឯកសារបច្ចេកទេស ស្ថាបនាអគារឆ្លងកាត់ព្រំដែនអន្តរជាតិបន្ទាយចក្រី-ឌីញបា ដែលគ្រោងប្រើប្រាស់ថវិកាប្រមាណ ៨,៥លានដុល្លារ ពីថវិកាដែលសន្សំក្នុងគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ជំហាន២ (RNIP Phase2)។
អគារឆ្លងកាត់ព្រំដែននេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដើម្បីបង្កើនការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារជូនប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរ។
- Video Advertisement -