គម្រោងសង់ស្ថានីយទឹកកខ្វក់ដ៏ធំនៅព្រះសីហនុសម្រេចបាន ៩៨% គ្រោងបញ្ចប់ទាំងស្រុងចុងខែកក្កដានេះ
គិតត្រឹមថ្ងៃទី១១ កក្កដា ២០២៣នេះ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំទី៣(PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សម្រេចបាន ៩៨ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ នេះ។
នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពផ្ទាល់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ កក្កដា ២០២៣។
តំណាងក្រុមហ៊ុន X.WATER បានឱ្យដឹងថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំទី៣(PS3) សម្រេចការសាងសង់បាន ៩៨ភាគរយហើយ បច្ចុប្បន្នក្រុមហ៊ុនកំពុងនឹងរៀបចំធ្វើត្តេសសាកល្បងនៅចុងខែកក្កដា ២០២៣ មុនដឹងដាក់ឱ្យដំណើរការជាផ្លូវការ។ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ វាមានសមត្ថភាពផលិតទឹកកខ្វក់ក្នុងមួយថ្ងៃ ២០,០០០ម៉ែត្រគូប។
នាឱកាសនោះឯកឧត្តម គួច ចំរើន បានលើកឡើងថា ការបង្កើតឡើងនូវស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ នេះគឺដើម្បីបន្សុទ្ធទឹកកខ្វក់ទឹកស្អុយឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន ដោយប្រើបចេ្ចកវិទ្យាចុងក្រោយបំផុតគឺMABR ដែលប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។
គួររម្លឹកថា ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។
ស្ថានីយទឹកកខ្វក់ទី១ និងទី២ បានដាក់ឱ្យដំណើរការ ចំណែកស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលកំពុងសាងសង់សម្រេចបាន ៩៨ភាគរយ ខណៈបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្រោមទុនវិនិយោគ ២០លានដុល្លារ និងមានសមត្ថភាពចម្រោះទឹកកខ្វក់ ក្នុង បរិមាណ ២០.០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ (អានបន្ថែម)
ក្រៅពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំង ៣ខាងលើ ខេត្តព្រះសីហនុនៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំងផ្សេងទៀត ក្នុងនោះ ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង ៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្នុងក្រុងព្រះសីហនុ (១៦ហិកតា)។




- Video Advertisement -