រដ្ឋពង្រីកផ្ទៃដីដែនជម្រកសត្វព្រៃធំៗចំនួន២ ដើម្បីការពារសត្វព្រៃ និងធនធានធម្មជាតិ

រាជរដ្ឋាភិបាល​ បានសម្រេចកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃនៅព្រៃឡង់ ដោយពង្រីកទំហំផ្ទៃដីបន្ថែមទៀត ដើម្បីថែរក្សាការពារសត្វព្រៃ និងធនធានធម្មជាតិ។ នេះបើតាមអនុក្រឹត្យលេខ ១៨១ អនក្រ.បក និងលេខ ១៩៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងនោះ រដ្ឋបានកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ពីផ្ទៃដីទំហំ ២៥៣.៧៥០ហិកតា មកផ្ទៃដីទំហំ ២៥៨.១៧២ហិក​តា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

ផ្ទៃដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខាងលើនេះ បានមកពីការបញ្ចូលផ្ទៃដីទំហំ ២៥៣.៧៥០ ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ ៤.៤២២ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពី ការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

ដោយឡែក រដ្ឋក៏បានសម្រេចកែប្រែដែនជម្រកសត្វព្រៃនៅព្រៃឡង់ ពីផ្ទៃដីទំហំ ៤៣១.៦៨៣ហិកតា មកផ្ទៃដីទំហំ៤៨៩.៦៦៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

ផ្ទៃដីដែនជម្រកសត្វព្រៃនៅព្រៃឡង់នេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ៤៣១.៦៨៣ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ៧៤ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃនៅព្រៃឡង់ និងផ្នែ​ក​ខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ៥៧.៩៨០ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អន​ក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

គោលបំណងសំខាន់នៃកែប្រែនេះ គឺដើម្បីធានឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី និងរក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។

ទន្ទឹមនឹងនេះដែរ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃទាំងពីរនេះ ដោយសហការជាមួយក្រសួង ស្ថាប័ន រួមទាំងរដ្ឋបាលពាក់ព័ន្ធ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]