វិស័យសំខាន់២នៅកម្ពុជា ទទួលបានការបញ្ជុះតម្លៃពិសេសលើការប្រើប្រាស់អគ្គិសនី
ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានសម្រេចបញ្ចុះតម្លៃអគ្គិសនីជូនអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្មទូទាំងប្រទេស ក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
គោលការថ្មីនេះ គឺផ្តោតសំខាន់លើអ្នកប្រើប្រាស់ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុង់ខ្ពស់ ដែលរួមមានអ្នកប្រើប្រាស់អគ្គសិនីតាមអត្រាតម្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលានិងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្ដាញជាតិ បានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ខែ ចុងក្រោយ។
បន្ថែមពីនេះ ចំពោះអត្រាបញ្ចុះតម្លៃវិញ រដ្ឋបានកំណត់ដូចខាងក្រោម៖
- បញ្ចុះតម្លៃក្នុងអត្រា ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថៃ្ងសៅរ៍ ចន្លោះម៉ោង ៧ ព្រឹក ដល់ម៉ោង ៩ យប់
- និងបញ្ចុះតម្លៃក្នុងអត្រា ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថៃ្ងសៅរ៍ ចន្លោះម៉ោង ៩ យប់ ដល់ម៉ោង ៧ ព្រឹក និង ២៤ ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ
យ៉ាងណាមិញ រយៈពេលអនុគ្រោះលើតម្លៃអគ្គិសនីនេះ គឺដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ក្នុងវិស័យសំខាន់ទាំងពីរខាងលើ មានរយៈពេល ៣ ខែ ចាប់ពី ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។
មួយវិញទៀត សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និង តង់ស្យុងខ្ពស់ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះតម្លៃនេះ។
ដោយឡែក ចំពោះអ្នកប្រើប្រាស់អគ្គិសនីតាមលំនៅឋាន ស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម មិនទទួលបានការអនុគ្រោះនេះទេ ដោយរដ្ឋបានជួយឧបត្ថម្ភធនរួចហើយ។
- Video Advertisement -