ស្ត្រីហ្សេរីយ៉ាម្នាក់ ច្នៃសំបកកង់យានយន្តទៅជាផលិតផលសំណង់ប្រកបដោយនិរន្តរភាព

នៅក្នុងទីក្រុង Lagos ដ៏មមាញឹកនៃប្រទេសនីហ្សេរីយ៉ា សហគ្រិនស្ត្រីដ៏មានចក្ខុវិស័យម្នាក់ ឈ្មោះ អ៊ីហ្វេដូឡាប់ប៉ូ រ៉ាន់សេវ៉ៃ (Ifedolapo Runsewe) កំពុងធ្វើបដិវត្តវិធីដែលពិភពលោក ដោះស្រាយជាមួយកាកសំណល់សំបកកង់យានយន្ត។ លោកស្រី Runsewe បានបង្កើនក្រុមហ៊ុនច្នៃសំបកកង់មួយដែលមានឈ្មោះថា Free Recycle ដែលមានបេសកកម្មមិនត្រឹមតែដោះស្រាយបញ្ហាបរិស្ថានដែលបង្កឡើងដោយសំបកកង់ដែលត្រូវបានបោះចោលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផលិតផលដ៏មានតម្លៃសម្រាប់យកមមកប្រើប្រាស់ក្នុងវិស័យសំណង់បានផងដែរ។ រោងចក្រ Free Recycle របស់លោកស្រី ដំណើរការបំប្លែងសំបកកង់បានជាង ១០០០ គ្រឿងជារៀងរាល់ថ្ងៃ ដោយផ្តល់ការងារដល់បុគ្គលជាង ១០០ នាក់ នេះបើយោងតាមបទសម្ភាសន៍របស់គាត់ជាមួយសារៈព័ត៌មាន  Business Insider Africa ចុះផ្សាយកាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។

នៅពេលនិយាយអំពីប្រវត្តិបង្កើតក្រុមហ៊ុន Free Recycle នេះឡើង លោកស្រីបានរំលឹកដល់គ្រាមួយនៅពេលដែលលោកស្រីកំពុងសំឡឹងមើលគំនរសំបកកង់ដែលមានគ្រោះថ្នាក់នៅឯកន្លែងចាក់សំរាម ស្រាប់តែលោកស្រីផុសគំនិតចង់បំប្លែងវាទៅជារបស់អ្វីម្យ៉ាងដែលមានប្រយោជន៍សម្រាប់បរិស្ថាន និងមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចវិញ។ ដោយ​ទទួល​ស្គាល់​ពី​ផល​ប៉ះពាល់​បរិស្ថាន អ្នកស្រី​បាន​ចាប់​ផ្តើម​បេសកកម្ម​បំប្លែង​សំបក​កង់​ដែល​គេ​បោះ​ចោល​ទាំង​នេះ​ទៅ​ជា​កម្រាលជ័រ​កៅស៊ូ ដែល​ជា​សម្ភារៈ​ដែល​អាច​ប្រើ​បានសម្រាប់ ​កន្លែង​លេង​កីឡា​ កម្រាលផ្លូវដើរក្នុងបរិវេណទីធ្លារសាធារណៈ បរិក្ខារ​កីឡដ្ឋាន និង​ការរចនា​ទេសភាពសួនច្បារ។

យោងតាមលោកស្រី Runsewe “កម្រាលជ័រកៅស៊ូ (ដែលផលិតចេញពីសំបកកង់)នេះ គឺជាការផ្លាស់ប្តូរបរិបទសម្ភារៈផ្គត់ផ្គង់ក្នុងវិស័យសំណង់ និងការរចនាទេសភាពក្នុងបរិវេណអគារ។ លក្ខណៈសម្បត្តិធន់នឹងអាកាសធាតុរបស់វា ធ្វើឱ្យផលិតផលនេះជាជម្រើសល្អសម្រាប់ប្រើបា្រស់មានប្រយោជន៍លើសពីជម្រើសប្រពៃណី ដូចជា កម្រាលផ្លូវដើរដោយប្រើឈើជាដើម។ ក្រៅពីភាពជាប់បានយូរ ភាពជ្រាបចូលនៃជ័រកៅស៊ូ និងទម្ងន់របស់វា ការពារការងាយឆាប់ប្រេះបែក ដែលមានប្រយោជន៍ច្រើន​សម្រាប់​ការងារឧទ្យានកម្ម ​ប្រចាំឆ្នាំ និង​លើក​កម្ពស់​សុខភាព​រុក្ខជាតិ”។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៥ មក ផលិតផលកែច្នៃរបស់ក្រុមហ៊ុន Free Recycle បានជួបប្រទះនឹងកំណើនយ៉ាងគំហុក ហើយឥឡូវនេះបានក្លាយជាក្រុមហ៊ុនកែច្នៃសំបកកង់ឈានមុខគេមួយរបស់ប្រទេសនីហ្សេរីយ៉ា។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះនិរន្តរភាពបានទទួលការទទួលស្គាល់ជាអន្តរជាតិ ជាមួយនឹងការសរសើរពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ និងទស្សនាវដ្តី Forbes ដ៏ល្បីល្បាញរបស់ពិភពលោក ហើយលោកស្រី Runsewe ត្រូវបានគេដាក់ឈ្មោះថាជា “ស្ត្រីម្នាក់ក្នុងចំណោមអ្នកដែលបំផុសគំនិតដ៏មានឥទ្ធិពលបំផុតទាំង ១០០នាក់ នៅទ្វីបអាហ្វ្រិក”

តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយអង្គការនានា ដូចជា BASF Nigeria និងអាជ្ញាធរកំពង់ផែនីហ្សេរីយ៉ា ក្រុមហ៊ុន Free Recycle មិនត្រឹមតែកាត់បន្ថយកាកសំណល់ និងការបំពុលបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើតការងារ និងនិរន្តរភាពសេដ្ឋកិច្ចនៅក្នុងប្រទេសនីហ្សេរីយ៉ាផងដែរ។ ការយកចិត្តទុកដាក់របស់សហគ្រិន Runsewe ចំពោះទំនួលខុសត្រូវបរិស្ថាន និងសហគ្រិនភាពប្រកបដោយភាពច្នៃប្រតិដ្ឋនេះ បង្ហាញពីអំណាចផ្លាស់ប្តូររបស់បុគ្គលម្នាក់ដែលជាស្ត្រីថែមទៀត ក្នុងការដោះស្រាយបញ្ហាបរិស្ថានសំខាន់ៗរបស់ពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]