ក្រសួង-ស្ថាប័នសំខាន់ៗ៩ រួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ប្លាស្ទិក ដើម្បីការពារបរិស្ថាន
ក្រសួងបរិស្ថាន សហការជាមួយនឹង សមាគមកាយឫទ្ធីនារីកម្ពុជា សហភាពសហ័ន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្តចំនួន៦ទៀត គឺខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ រួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
ក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តទាំងនេះ បានបង្ហាញនូវគោលជំហរគាំទ្រយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
យុទ្ធនាការនេះ នឹងមានការចូលរួម និងគាំទ្រពីសាលារៀន និងគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរដ្ឋបាលខេត្តនីមួយៗ ខណៈដែលការប្រើប្រាស់សម្ភារប្លាស្ទិកនៅលើពិភពលោក បាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និង សុខុមាលភាព មនុស្ស សត្វលើភពផែនដី។
បើតាមក្រសួងបរិស្ថាន មកទល់ឆ្នាំ ២០២២ នៅទូទាំងពិភពលោកបានផលិត និងប្រើប្រាស់សម្ភារប្លាស្ទិកជាង ៩,៥ ពាន់លានតោន ក្នុងអត្រា កំណើន ៣% ជារៀងរាល់ឆ្នាំ។ ក្នុងនោះ សំណល់ប្លាស្ទិកប្រមាណ ៩% នៃបរិមាណសំណល់ប្លាស្ទិកសរុប ត្រូវបានយកមកកែច្នៃឡើងវិញ រីឯសំណល់ប្លាស្ទិក ៩១% ទៀត ត្រូវបានយកទៅទីលានទុកដាក់សំរាម ឬ ដុតចោល និងចោលរាយប៉ាយតាមទីវាល រួចបន្តធ្លាក់ចូលទៅក្នុងប្រភព ទឹក ហូរចាក់ចូលទៅក្នុងសមុទ្រប្រមាណជាង ៨ លានតោនក្នុង១ឆ្នាំ។
ដោយឡែក នៅកម្ពុជា ការប្រើប្រាស់សម្ភារៈប្លាស្ទិកមានកើនឡើងក្នុងកម្រិតខ្ពស់ ពិសេសថង់ប្លាស្ទិក ដែលប្រជាជនកម្ពុជាម្នាក់ប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យម ៤ ថង់ក្នុង១ថ្ងៃ ដូច្នេះមានប្រមាណជា ៥៥លានថង់ប្លាសិក ប្រើប្រាស់ក្នុង១ថ្ងៃនៅកម្ពុជា។
គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៩ ខែវិច្ឆិកានេះ គឺមានអ្នកស្ម័គ្រចិត្ត ចូលរួមក្នុងយុទ្ធនាការនេះសរុប ចំនួន ៣លាន អង្គ/នាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូ មានចំនួន ជាង១១ម៉ឺននាក់ សិស្សានុសិស្ស សរុបចំនួនជាង ២,៨២៣,៥៣១ (ពីរលាន ប្រាំបីរយម្ភៃបីពាន់ ប្រាំរយសាមសិបមួយ) នាក់ នៃសាលារៀន ចំនួន ៦,៦១៩ សាលា និងកម្មករ/និយោជក ព្រះសង្ឈ និង ប្រជាពលរដ្ឋ នៅតាមបណ្តា រោងចក្រ សហគ្រាស វត្តអារាម និងសហគមនានា។
- Video Advertisement -