អ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំសមាជិក CCA ចំនួន ៧៤ និងក្រុមហ៊ុនចំនួន ១៣៣ ស្ថាប័ន រៀបចំពិព័រណ៍អន្តរជាតិសាងយុគថ្មីសម្រាប់វិស័យសំណង់កម្ពុជា
នៅក្នុងពិធីអបអរសាទរដ៏អស្ចារ្យនៃព្រឹត្តិការណ៍ខួបលើកទី១៣ របស់ខ្លួនសមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រារព្ធពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ” នៅសាលសន្និសីទកោះពេជ្រ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣។ ពិធីដ៏វិសេសវិសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន CCA និងឥស្សរជនសំខាន់ៗពីវិស័យរដ្ឋាភិបាល និងឯកជន សរុបចំនួន ២២០រូប មកពីសមាជិក CCA ចំនួន ៧៤ស្ថាប័ន និងក្រុមហ៊ុនដែលពាក់ព័ន្ធចំនួន ១៣៣ក្រុមហ៊ុន។
អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះថា “វេទិកានេះមានគោលបំណងផ្តល់ឱ្យសមាជិក CCA របស់យើងនូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការចូលរួម បង្ហាញការច្នៃប្រតិដ្ឋរបស់ខ្លួន និងជំរុញកិច្ចសហការក្នុងវិស័យសំណង់សម្រាប់ប្រទេសកម្ពុជា។ សមាគមក៏បានបង្កើតកម្មវិធីតាំងពិព័រណ៍ខ្នាតអន្តរជាតិនេះឡើង ដើម្បីឱ្យក្រុមហ៊ុនដែលបាននាំចូលសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ និងអ្នកមានតម្រូវការទិញដូចជា ម្ចាស់គម្រោងសាងសង់ និងក្រុមហ៊ុនសាងសង់ ងាយស្រួលធ្វើការប្រៀបធៀបគុណភាពនិងបញ្ជាទិញដោយពុំចាំបាច់ធ្វើដំណើរទៅក្រៅប្រទេសឡើយ។”
អ្នកឧកញ៉ា ពុង ឃាវសែ បានទទួលស្គាល់នូវការកើនឡើងនូវចំណាប់អារម្មណ៍ និងភាពរីកចម្រើននៅក្នុងឧស្សាហកម្មសំណង់នេះ ជាមួយនឹងការកើនឡើងទ្វេដងនៃអ្នកចូលរួមបើធៀបនឹងឆ្នាំមុន ដោយបានលើកឡើងថា “ការតាំងពិព័រណ៍ប្រចាំឆ្នាំនេះមានក្រុមហ៊ុនចូលរួមចំនួន ១៣៣ និងហាងតាំងពិពណ៌ចំនួនពី ២៣៩ ទៅ ៣០០០ ដែលមានការតាំងបង្ហាញផលិតផលសំណង់ និងអចលនទ្រព្យជាង ១០០០ ប្រភេទ និងសេវាកម្មចំនួន ៥០ ប្រភេទ។ ផលិតផល និងសេវាកម្មទាំងនេះ ខ្លះមកពីប្រភពក្នុងស្រុក និងខ្លះទៀតនាំចូលពីបរទេស រួមទាំងប្រទេសចិន វៀតណាម កូរ៉េ បារាំង សិង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន អាល្លឺម៉ង់ រុស្ស៊ី ស៊ុយអែត និងឥណ្ឌា។”
ក្នុងឱកាសនោះដែរ លោកឧកញ៉ា ឆាលស៍ វ៉ាន់ អគ្គហិរញ្ញិកសមាគម CCA បានរាយការណ៍អំពីវឌ្ឍនភាពនិងសមិទ្ធិផលជាបន្តបន្ទាប់របស់សមាគម ក្នុងរវាង១២ឆ្នាំមកនេះ និងបានធ្វើបទបង្ហាញអំពីទិសដៅអនាគតរបស់សមាគមក្នុងការបន្តអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ដែលផ្តោតអាទិភាពសំខាន់លើ យុទ្ធសាស្ត្រ ០៥ចំណុចសំខាន់ៗរួមមាន៖
- បន្តផ្សព្វផ្សាយព័ត៌មាន ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដោយសង្កត់ធ្ងន់លើការលើកកម្ពស់គុណភាព និងស្តង់ដារសុវត្ថិភាពក្នុងឧស្សាហកម្មសំណង់។
- សម្របសម្រួល និងរៀបចំឱកាសអាជីវកម្ម ធានាថាសមាជិកសមាគមមានលទ្ធភាពទទួលបានឱកាស និងទីតាំងអំណោយផលសម្រាប់ការខិតខំរបស់ពួកគេ។
- ជំរុញឱ្យមានការចុះបញ្ជីក្រុមហ៊ុនដែលមិនមែនជាសមាជិក ដើម្បីពង្រឹងឥទ្ធិពលរួមរបស់សមាគម។
- ជំរុញកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិសម្រាប់គំនិតផ្តួចផ្តើមកែលម្អពិភពលោក។
- គាំទ្រដល់ការអភិវឌ្ឍន៍វិស័យសំណង់ និងអចលនវត្ថុរបស់កម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅរកភាពរីកចម្រើននៃសង្គម។
ជាមួយគ្នានោះដែរ អ្នកឧកញ៉ា ពុង ឃាវសែ បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សមាជិក CCA ក្នុងការរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងការបង្កើតការងារ ជាពិសេសសម្រាប់កម្មករនិយោជិតយ៉ាងច្រើននៅទូទាំងប្រទេស ក្រោមចក្ខុវិស័យដឹកនាំរបស់រាជរដ្ឋាភិបាលទាំងអាណត្តិមុន និងអាណត្តិថ្មី និងបានជំរុញឱ្យមានការចូលរួមឱ្យបានសកម្មពីសមាជិក CCA និងពីសំណាក់ស្ថាប័នពាក់ព័ន្ធដើម្បីបន្តជំរុញវឌ្ឍនភាពវិស័យសំណង់ឆ្ពោះទៅរកវិបុលភាព អភិនវភាព និងទំនើបកម្ម។ អ្នកឧកញ៉ា បានលើកឡើងថា “…ខ្ញុំក៏សូមអំពាវនាវ ឱ្យសមាជិកទាំងអស់សុំជួយបន្ត ការគាំទ្រ និងបន្តកិច្ចសហការ ជាមួយសមាគមបន្តទៀត និងក៏សូមជួយផ្សព្វផ្សាយ និងជួយអញ្ជើញក្រុមហ៊ុនដែលមិនទាន់បានចូលជាសមាជិករបស់សមាគមឱ្យអញ្ជើញចុះឈ្មោះចូលជាសមាជិកឱ្យបានច្រើនផង”៕
សូមចូលរួមទស្សនាសកម្មភាព និងរូបភាពផ្សេងៗក្នុងកម្មពិធីពិព័រណ៍នៅទីនេះ
- Video Advertisement -