កម្ពុជា និងសិង្ហបុរី សហការគ្នាសង់រោងចក្រច្នៃគ្រាប់ស្វាយចន្ទីតម្លៃ ១២លានដុល្លារ នៅកំពង់ធំ
ក្រុមហ៊ុន CSNC Agriculture ជាក្រុមហ៊ុនខ្មែរ-សិង្ហបុរី បានសហការគ្នាសម្ពោធបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ ១២លានដុល្លារ នៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ពិធីបញ្ចុះបឋមសិលាសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។
បើតាមការបញ្ជាក់ពីលោក ស៊ុយ កុកធាន ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឲ្យដឹងថា ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃ ១២លានដុល្លារ ចែកចេញជាពីរដំណាក់កាលដោយឆ្នាំទី១ ប្រើទុនវិនិយោគ ៥លានដុល្លា និងដំណាក់កាលទី២ ប្រើទុន ៧លានដុល្លា ដែលរោងចក្រមានទំហំរោងចក្រ ១២,៨០០ ម៉ែត្រការេ លើផ្ទៃដី ១៤ហិចតា កម្រិតសមត្ថភាពកែច្នៃ ៤០តោនក្នងមួយថ្ងៃ ប្រើកម្លាំងពលកម្ម ១៨០នាក់ សាងសង់ដោយក្រុមហ៊ុនCSNC Agriculture គឺជាក្រុមហ៊ុន Joint Venture របស់វិនិយោគិនខ្មែរ និង វិនិយោគិនសិង្ហបូរី ។
ថ្លែងក្នុងពិធីនេះដែរ លោក ងួន រតនៈ បានលើកឡើងថាថ្ងៃនេះការបើកការដ្ឋានសាងសង់រោងចក្រគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនជាដៃគូរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យស្វាយចន្ទីជាកាយវិការល្អស្របជាមួយនឹងគោលនយោបាយហើយមួយទៀតទាំងការជ្រើសរើសទីតាំងសាងសង់សួនឧស្សាហកម្មស្វាយចន្ទីសមស្រប ខណៈខេត្តកំពង់ធំ មានវិសាលភាពផ្ទៃដីធំទូលាយដែលមានសក្តានុពលខាងដំណាំឧស្សាហកម្មដូចជាកៅស៊ូ ស្វាយ ស្វាយចន្ទី។
ដោយឡែក តំណាងក្រុមហ៊ុនវិនិយោគបានលើកឡើងថា លោកបានជ្រើសរើសខេត្តកំពង់ធំ ពីព្រោះខេត្តកំពង់ធំជាខេត្តដែលខ្ញុំមានដៃគូដែលល្អ ហើយមួយទៀត គឺកំពង់ធំជាខេត្តដែលដាំស្វាយចន្ទីច្រើនជាងគេហើយផលិតកម្មស្វាយចន្ទីច្រើនជាងគេផងដែរ។
គួរបញ្ជាក់ថា ក្រៅពីកែច្នៃគ្រាប់ស្វាយចន្ទី ក្រុមហ៊ុន CSNC Agriculture កំពុងវិនិយោគកែច្នៃសំបុកត្រចៀកកាំ និងកែច្នៃដំឡូងមីផងដែរ។
- Video Advertisement -