ថៃគ្រោងសហការជាមួយកម្ពុជា ដើម្បីទប់ទល់នឹងបញ្ហាផ្សែងអ័ព្ទនៅតំបន់ឆ្លងដែន
ក្នុងចំណាត់ការដ៏សំខាន់មួយនេះ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានប្រកាសពីកិច្ចសហការដែលមិនធ្លាប់មានពីមុនជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាការបំពុលអ័ព្ទនៅតំបន់ឆ្លងដែន។ គំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្ហាញឡើងនៅមុនជំនួបដ៏សំខាន់ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ដែលនេះជាសញ្ញានៃសម្ព័ន្ធភាពរួមគ្នាប្រឆាំងនឹងផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលអ័ព្ទឆ្លងព្រំដែន នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានថៃ Thaiger កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤នេះ។
តាមប្រភពដដែលបានឱ្យដឹងថា ថ្នាក់ដឹកនាំនៃគណៈប្រតិភូនៃកិច្ចពិភាក្សាទ្វេភាគីនេះ នឹងធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្រះកែវ ដែលជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងពីការបំពុលឆ្លងដែន ដែលបង្កឡើងដោយភ្លើងឆេះព្រៃ។ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិជ្ជាអវកាស និងព័ត៌មានវិទ្យា (GISTDA) របស់ប្រទេសថៃនឹងរួមចំណែកផ្តល់ជូនរូបភាពពីផ្កាយរណបសំខាន់ៗ ដើម្បីជួយសម្រួលដល់ការធ្វើផែនការឆ្លើយតបរបស់ក្រុមការងារទស្សនកិច្ចសិក្សានេះ ដោយកំណត់ចំណុចក្តៅនៃភ្លើងឆេះព្រៃ និងជួយអន្តរាគមន៍រហ័ស។
“ភាពធ្ងន់ធ្ងរនៃការបំពុលកម្រិត PM2.5 នៅតាមតំបន់នានាដូចជាខេត្តស្រះកែវ ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាមួយប្រទេសជិតខាងរបស់យើង។ រួមគ្នាជាមួយកម្ពុជា យើងមានគោលបំណងដោះស្រាយបញ្ហាឫសគល់ និងអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព” នេះជាប្រសាសន៍របស់ នាយករដ្ឋមន្ត្រីស្រេតថា ថាវីស៊ីន។
លោកនាយករដ្ឋមន្ត្រី ស្រេតថា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃចំពោះសិទ្ធិរបស់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងការសម្អាតខ្យល់ ដែលជាជំហរពង្រឹងដោយការដាក់ឱ្យប្រើប្រាស់នូវសេចក្តីព្រាងច្បាប់ស្តីពីខ្យល់អាកាសបរិសុទ្ធទៅកាន់សភាថៃ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានចាត់ទុកថាជាបញ្ហាបន្ទាន់មួយ នឹងត្រូវឆ្លងកាត់ការអានលើកដំបូងរបស់ខ្លួននៅក្នុងសភាតំណាងរាស្រ្តនៅសប្តាហ៍ក្រោយ បន្ទាប់ពីមានការពិភាក្សាយ៉ាងទូលំទូលាយកាលពីថ្ងៃព្រហស្បតិ៍ ដែលបាននាំឱ្យមានការបោះឆ្នោតអនុម័តឡើងវិញ។
“សេចក្តីព្រាងច្បាប់ស្តីពីខ្យល់បរិសុទ្ធនេះ ត្រូវបានតាក់តែងឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់អង្គការជាតិ និងក្នុងស្រុក ជាមួយនឹងឧបករណ៍រដ្ឋបាលដ៏រឹងមាំ ដើម្បីទប់ស្កាត់ការបញ្ចេញភាគល្អិត និងសារធាតុពុល PM2.5 ទៅក្នុងខ្យល់”។
“ច្បាប់នេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយអ័ព្ទតាមរយៈការសហការជាលក្ខណៈអន្តរជាតិ (ជាមួយកម្ពុជា) ដើម្បីកាត់បន្ថយចំហេះជីវម៉ាស់ក្នុងវិស័យកសិកម្ម ការកាត់បន្ថយការបំពុលខ្យល់ក្នុងពេលចរាចរណ៍ និងវិធីសាស្រ្តរួមបញ្ចូលគ្នាពីគ្រប់ភ្នាក់ងាររដ្ឋពាក់ព័ន្ធ” ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីថៃ Phacharavat Wongsuwan រាយការណ៍ដោយបាំងកកបុស្តិ៍៕
- Video Advertisement -