កំណើនទីផ្សារឧស្ម័នធម្មជាតិពិភពលោក ជំរុញបង្កើនទុនវិនិយោគដល់ $១៩៤ពាន់លាន និង ពង្រីកបំពង់ចែកចាយបន្ថែម ៧ម៉ឺនគ.ម
ចំពេលមានការកើនឡើងនៃតម្រូវការសម្រាប់ប្រភពថាមពលស្អាត ការបណ្តាក់ទុនលើទីផ្សារឧស្ម័នធម្មជាតិរបស់ពិភពលោក មានការកើនឡើងដល់ចំនួន ១៩៤ពាន់លានដុល្លារ និងបច្ចុប្បន្នមានគម្រោងសាងសង់ពង្រីកប្រវែងបំពង់បង្ហូរឧស្ម័នធម្មជាតិដែលលាតសន្ធឹងសរុបប្រវែង ៧ម៉ឺន គីឡូម៉ែត្រថែមទៀត។ ប្រវែងរួមនៃបំពង់បង្ហូរឧស្ម័៍ន ដែលកំពុងសាងសង់នៅទូទាំងពិភពលោក មានការកើនឡើងគួរឱ្យចាប់អារម្មណ៍នោះគឺប្រមាណ ១៨% នៅចុងឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ វឌ្ឍនភាពនៃវិស័យថាមពលស្អាតនេះត្រូវបានធ្វើបច្ចុប្បន្នភាព ដោយរបាយការណ៍ “ការពង្រីកបំពង់បង្ហូរឧស្ម័នពិភពលោក” ពីស្ថាប័ន Global Energy Monitor (GEM) ដែលបង្ហាញពីការផ្លាស់ប្តូរគំរូឆ្ពោះទៅរកដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាពរបស់ភពផែនដី នេះបើយោងតាមសារៈព័ត៌មាន AA.com.tr ចុះថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤។
ទ្វីបអាស៊ី ដែលជាចំណុចកណ្តាលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចែកចាយថាមពលឧស្ម័នធម្មជាតិនេះ រួមចំណែកដល់ទៅ ៨៣%នៃការសាងសង់បំពង់បង្ហូរឧស្ម័នដែលកំពុងដំណើរការសរុបមានប្រវែង ៥៧.៦០០គីឡូម៉ែត្រ ជាមួយនឹងការវិនិយោគដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១១៧,២ ពាន់លានដុល្លារ។
ចំណែកឯទ្វីបអឺរ៉ុបវិញ មានហេដ្ឋារចនាសម្ព័ន្ធបង្ហូរសរុបចម្ងាយ ៥.៦០០ គីឡូម៉ែត្រ ខណៈទ្វីបអាមេរិក និងអាហ្រ្វិកចូលរួមចំណែកប្រមាណតែ ៤.៧០០ គីឡូម៉ែត្រ និង ១.៨០០គីឡូម៉ែត្ររៀងៗគ្នា។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺប្រទេសចិន និងឥណ្ឌាជាអ្នកដឹកនាំចលនាផ្លាស់ប្តូរនេះ ដោយកំពុងខិតខំងាកខ្លួនចេញពីការពឹងផ្អែកលើប្រភពថាមពលធ្យូងថ្ម និងប្រឹងបង្កើតឧស្ម័នធម្មជាតិជំនួសវិញ។ ចំណែកឯប្រទេសប៉ាគីស្ថាន ក៏កំពុងបន្តពង្រឹងសមត្ថភាពនាំចូលឧស្ម័នធម្មជាតិរបស់ខ្លួន តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍បំពង់បង្ហូរឧស្ម័នដ៏សកម្មរបស់ខ្លួនផងដែរ។
ក្នុងដំណើរការផ្លាស់ប្តូរខាងលើនេះ ក៏មានការចូលរួមដោយប្រទេសកំពូលនិងឈានមុខគេទាំង ១០ ក្នុងនោះរួមមាន ចិន ឥណ្ឌា អ៊ីរ៉ង់ រុស្ស៊ី ប៉ាគីស្ថាន សហរដ្ឋអាមេរិក នីហ្សេរីយ៉ា អ៊ីតាលី អាហ្សង់ទីន និងកាណាដា។ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ប្រទេសចិនដែលបាននាំមុខគេជាមួយនឹងបំពង់បង្ហូរឧស្ម័នសរុបប្រវែង ៣០.៣០០ គីឡូម៉ែត្រឆ្លងកាត់គម្រោងចំនួន ១៥០ បានបង្ហាញពីការប្តេជ្ញាចិត្តដ៏ធំសម្បើមចំពោះថាមពលស្អាតជាងមុន តាមរយៈគំនិតផ្តួចផ្តើមមួយចំនួនដូចជាគម្រោងបំពង់បង្ហូរខេត្ត Xinjiang, Chaohu-Jiangbei និងគម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិនៅ Hefei Lubei-Chizhou Maya ជាដើម។
ក្នុងនោះដែរ ប្រទេសរុស្ស៊ីដែលបានវិនិយោគ ៨,២ ពាន់លានដុល្លារក្នុងគម្រោងបំពង់បង្ហូរឧស្ម័នប្រវែង ២.៩០០ គីឡូម៉ែត្រ ក៏មានគោលបំណងលើកកម្ពស់ការបញ្ជូនថាមពលទៅចែកចាយក្នុងស្រុក និងបង្កើនសមត្ថភាពនាំចេញតាមរយៈគម្រោងដែលរៀបចំដោយក្រុមហ៊ុន Gazprom គ្រប់គ្រងដោយរដ្ឋ។ ក្នុងពេលដំណាលគ្នានោះដែរ អ៊ីរ៉ង់ និងប៉ាគីស្ថានបានរួមចំណែកដល់ការកើនឡើងជាសាកលនេះផងដែរ ជាមួយនឹងគម្រោងបំពង់បង្ហូរប្រេងដ៏មានមហិច្ឆតាធំៗ ដោយសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកែប្រែទិដ្ឋភាពថាមពលឡើងវិញ។
ខណៈដែលគម្រោងសាងសង់បំពង់បង្ហូរថាមពលឧស្ម័នធម្មជាតិកំពុងរីកចម្រើនជាសកល របាយការណ៍នេះ បានគូសបញ្ជាក់អំពីសក្តានុពលអនាគតដ៏ធំសម្បើមនៃវិស័យនេះ ជាមួយនឹងបំពង់បង្ហូរតាមដំណាក់កាលដែលបានស្នើឡើង និងគម្រោងដែលលាតសន្ធឹងលើចម្ងាយ សរុបប្រមាណ ១៥៩.០០០ គីឡូម៉ែត្រ។ យុគសម័យនៃការផ្លាស់ប្តូរនេះមិនត្រឹមតែស្របទៅនឹងការស្វែងរកថាមពលប្រកបដោយនិរន្តរភាពជាសាកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់យកថាមពលឧស្ម័នធម្មជាតិជាមូលដ្ឋានគ្រឹះនៃទិដ្ឋភាពថាមពលនាពេលអនាគតរបស់ភពផែនដីផងដែរ៕
- Video Advertisement -