ក្រសួងរ៉ែ៖ កម្ពុជាមិនដែលអនុញ្ញាតឱ្យវៀតណាមបូមខ្សាច់រាប់រយលានម៉ែត្រគូប នោះទេ
អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលលោក អ៊ឹង ឌីប៉ូឡា បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់កាសែតវៀតណាម VNExpres ដែលបានចុះផ្សាយថា កម្ពុជាចុះកិច្ចព្រមព្រៀងឲ្យក្រុមហ៊ុនវៀតណាមបូមខ្សាច់រាប់រយលានម៉ែត្រគូបនៅផ្នែកមួយនៃទន្លេមេគង្គ នេះបើតាមការបញ្ជាក់របស់លោក តាមរយៈសារៈព័ត៌មានបារាំង RFI ចុះផ្សាយថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។
ការប្រតិកម្មតបនេះ ធ្វើឡើងក្រោយពីកាសែតវៀតណាម VN Express បានចុះផ្សាយកាលពីថ្ងៃទី ០៧ ខែកុម្ភៈថា ក្រុមហ៊ុនឈ្មោះ TNT Group សុំសិទ្ធិនាំចូលខ្សាច់ពីកម្ពុជា និងត្រូវបានភាគីកម្ពុជាអនុម័តឱ្យបូមខ្សាច់នៅផ្នែកមួយនៃទន្លេមេគង្គក្នុងបរិមាណរាប់រយលានម៉ែត្រគូប។ ប្រភពដដែលបានរាយការណ៍ថា វៀតណាមសម្លឹងឃើញខ្សាច់ និងគ្រួសរបស់កម្ពុជា ដើម្បីយកទៅបំពេញកង្វះខាតនៅក្នុងគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿននៅក្នុងប្រទេសរបស់ខ្លួន។ ព័ត៌មានស្តីពីគម្រោងទិញខ្សាច់ និងគ្រួសពីកម្ពុជានេះបានផ្ទុះឡើង បន្ទាប់ពីក្រុមហ៊ុន TNT Group បានស្នើទៅនាយករដ្ឋមន្ត្រីវៀតណាមកាលពីខែតុលាឆ្នាំ២០២៣។
បើតាមការបញ្ជាក់របស់លោកអ៊ឹង ឌីប៉ូឡា នីតិវិធីនៃការលក់ខ្សាច់ទៅឲ្យបរទេសនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននិងក្រុមហ៊ុន។
“បើមានក្រុមហ៊ុនមួយទទួលបានសិទ្ធិធ្វើអាជីវកម្មខ្សាច់នៅកម្ពុជា ក្រុមហ៊ុននោះមានសិទ្ធិលក់ខ្សាច់ដែលខ្លួនប្រមូលបានទៅឲ្យក្រុមហ៊ុនណា ឬប្រទេសណាជាសិទ្ធិរបស់គេ។ ការលក់ខ្សាច់ទៅបរទេសតាមរយៈក្រុមហ៊ុន និងក្រុមហ៊ុនធ្វើឡើងដោយមិនមានការរើសអើង ហើយអាជ្ញាធរស្វាគមន៍ប្រទេសនានាដែលចាប់អារម្មណ៍ចង់ទិញខ្សាច់ពីកម្ពុជា។” ប្រសាសន៍លោក ឌីប៉ូឡា។
គួររម្លឹកថា បច្ចុប្បន្ននេះ នៅកម្ពុជា មានក្រុមហ៊ុនចំនួន៣ទទួលបានអាជ្ញាបណ្ណពីក្រសួងរ៉ែនិងថាមពលពលដើម្បីធ្វើអាជីវកម្មខ្សាច់។ ក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានពន្ធសួយសារលើកអាជីវកម្មខ្សាច់ និងពន្ធនាំចេញក្នុងទំហំទឹកប្រាក់ជាង ៤០លានដុល្លារ ពីខ្សាច់ដែលបានបូមរួចប្រមាណជាង១០លានតោន (១០,៩៦០,៧៨៩.៩៦ តោន)៕
គួររំលឹកថា កន្លងមកក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់បានអះអាងម្តងហើយថា ប្រទេសកម្ពុជាពុំបាននាំចេញខ្សាច់ទៅក្រៅប្រទេសទេ សូម្បីតែមួយម៉ែត្រគូប ចាប់ដឹងពីឆ្នាំ២០១៧ មកម៉្លេះ ដោយការបូមខ្សាច់ទាំងអស់ គឺប្រើសម្រាប់តែការសាងសង់នៅក្នុងស្រុកតែប៉ុណ្ណោះ។ (អានបន្ថែម)
- Video Advertisement -