កម្ពុជាត្រូវការទុនជាង$៥ពាន់លាន វិនិយោគលើគម្រោងចំនួន២០ ដើម្បីទ្រទ្រង់កំណើនទេសចរ១,២លាន់នាក់ និងទំនិញ៤១លានតោន នៅឆ្នាំ ២០៣០
ដើម្បីសម្រួលកំណើនមធ្យោបាយដឹកជញ្ជនផ្លូវទឹកនិងបង្កើនប្រព័ន្ធពស្តុភារសម្រាប់ត្រៀមទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាថ្មីក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០នេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកគម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រមានចំនួន ២០គម្រោង ដែលត្រូវការទឹកប្រាក់វិនិយោគសរុបចំនួន ៥.៤៦១លានដុល្លារ ដែលក្នុងនោះមានគម្រោងរយៈពេលខ្លីនិងមធ្យម (២០២៣-២០២៧) មានចំនួន ១៤ គម្រោង ដែលត្រូវការទឹកប្រាក់ ២.៤៩៤លានដុល្លារ និងគម្រោងរយៈពេលវែង (២០២៨-២០៣៣) ចំនួន ៩ គម្រោង ដែលត្រូវការទឹកប្រាក់ ២.៩៦៧ លានដុល្លារ (គម្រោងរយៈពេលខ្លីនិងមធ្យមចំនួន ៣ នឹងបន្តដល់ឆ្នាំ ២០៣៣) នេះបើយោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូននិងពស្តុភារកម្ម ចេញផ្សាយកាលពីខែសីហា ឆ្នាំ ២០២៤។
បើតាមផែនការមេដដែល ក្នុងចំណោមគម្រោងប្រព័ន្ធដឹកជញ្ជូនផ្លូវសមុទ្រខាងលើ មានគម្រោងកំពង់ផែសម្រាប់ដឹកជញ្ជូនទំនិញទូទៅ ឬហៅថាកំពង់ផែកុងទីន័រចំនួន០៦កន្លែង ក្នុងនោះ០៣កន្លែងនៅខេត្តកែប និងកំពត ០២កន្លែងនៅខេត្តព្រះសីហនុ និង០១កន្លែងនៅខេត្តកោះកុង។ ក្នុងនោះក៏មានផងដែរនូវស្ថានីយស្តុកប្រេងឥន្ធនៈសម្រាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកចំនួន០៤កន្លែង រួមមាន០១ស្ថានីយមានទីតាំងនៅខេត្តកំពត និង០៣ស្ថានីយដែលមានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុ ព្រមទាំងគម្រោងកំពង់ផែនិងចំណតផែសមុទ្រពហុបំណងចំនួន០១នៅខេត្តសីហនុ។ ថែមពីលើនេះ គម្រោងកំពង់ផែសម្រាប់តែអ្នកធ្វើដំណើរនិងទេសចរណ៍ចំនួន ០៥កន្លែង ក្នុងនោះមានគម្រោងចំនួន០២នៅខេត្តកំពតនិងខេត្តកែប គម្រោងចំនួន០២នៅខេត្តព្រះសីហនុ និងគម្រោងកំពង់ផែសម្រាប់តែអ្នកធ្វើដំណើរនិងទេសចរណ៍ចំនួន ០១កន្លែង នៅខេត្តកោះកុង។
ប្រភពដដែលបានព្យាករថា នៅត្រឹមឆ្នាំ ២០៣០ ចំនួនអ្នកដំណើរសរុបដែលឆ្លងកាត់កំពង់ផែសមុទ្រ មានប្រមាណ ១,២លាននាក់ (ក្នុងនោះនឹងមានអ្នកដំណើរតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ១២០ពាន់នាក់, កំពង់ផែ Union Development ៨០ពាន់នាក់, និងកំពង់ផែទេសចរណ៍កំពត ១លាននាក់)។
ដោយឡែកសម្រាប់ចរាចរណ៍ទំនិញដឹកជញ្ជូនតាមផ្លូវទឹកវិញ ទំនិញសរុបដែលនឹងចរាចរឆ្លងកាត់សមុទ្រក្នុងខេត្តព្រះសីហនុ កោះកុង និងកំពតនឹងមានចំនួន ៤១លានតោន។ សម្រាប់កំពង់ផែក្នុងខេត្តព្រះសីហនុ រាប់បញ្ជូលកំពង់ផែស្វយ័តក្នុងព្រះសីហនុ កំពង់ផែក្រុមហ៊ុនរោងចក្រថាមពលធ្យូងថ្ម CIIDG កំពង់ផែក្រុមហ៊ុនរោងចក្រថាមពលធ្យូងថ្ម Cambodia Energy Limited កំពង់ផែទំនប់រលក និងកំពង់ផែស្ទឹងហាវ។ រីឯកំពង់ផែនៅក្នុងខេត្តកោះកុង រួមមានកំពង់ផែឆ្លាតវៃកោះកុង និងកំពង់ផែ Union Development។ ចំណែកឯកំពង់ផែនៅខេត្តកំពត រាប់បញ្ចូលកំពង់ផែអន្តរជាតិកំពត និងកំពង់ផែប្រេងឥន្ធនៈប៉ាប៉ាត្រូលៀម។
ផែនការដឹកជញ្ជូនតាមផ្លូវសមុទ្រនេះ រៀបចំឡើងដោយផ្អែកលើការវិភាគ និងសិក្សាពីស្ថានភាពនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងបញ្ហាប្រឈមនានា តាមការចុះអង្កេតដោយផ្ទាល់នៅតាមកំពង់ផែសមុទ្រក្នុងខេត្តភាគនិរតីទាំងបួន (កោះកុង ព្រះសីហនុ កំពត និងកែប)៕
- Video Advertisement -