រដ្ឋកំពុងពន្លឿនសង់ទីលានចាក់សំរាមស្តង់ដារនៅសៀមរាម ខណៈខេត្តនេះ១ថ្ងៃមានសំរាមជិត៦០០តោន
អាជ្ញាធរខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ កំពុងពន្លឿនការអនុវត្តគម្រោងសង់ទីលានចាក់សំរាមលក្ខណៈស្តង់ដារថ្មីមួយ នៅក្នុងស្រុកប្រាសាទបាគង ក្នុងខេត្តសៀមរាប ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃកាកសំណល់(សំរាម) ជិត ៦០០តោន ជាប្រចំាថ្ងៃ។
នេះបើតាម កិច្ចប្រជុំស្តីពី “គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា” ដែលដឹកនាំដោយ លោក ចាន់ ធន់ អគ្គនាយករងនៃ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី៤ មេសា ឆ្នាំ២០២៤។
នាឱកាសនោះ លោកអភិបាលរងបានលើកឡើងថា បញ្ហាកាកសំណល់(សំរាម) គឺជាសត្រូវដ៏អាក្រក់បំផុតរបស់បរិស្ថាន ដែលធ្វើឲ្យបាត់បង់នូវសោភណ្ឌភាពក្នុងទីក្រុង ទីប្រជុំជន និង ប៉ះពាល់ដល់សុខភាពរបស់យើងគ្រប់គ្នាថែមទៀតផង។
លោកបន្តទៀតថា បច្ចុប្បន្ននេះ ពលរដ្ឋក្នុងតំបន់ទីប្រជុំជនក្នុងខេត្តសៀមរាបអាចផលិតសំរាមចាប់ពី ៩០០ក្រាម ទៅ ១,២គីឡូក្រាម និង អ្នកនៅជនបទឆ្ងាយវិញ បានផលិតសំរាម ប្រមាណ ៣០០ក្រាម ក្នុងមួយនាក់ ខណៈដែលខេត្តមួយនេះមានប្រជាពលរដ្ឋសរុបជាង១លាននាក់ ដូច្នេះជារៀងរាល់ថ្ងៃមានសំរាមជិត ៦០០តោន ត្រូវបានផលិត។
ដោយមើលឃើញពីសន្ទុះនៃការកើនឡើងសំរាមយ៉ាងឆាប់រហ័សបែបនេះ ទើបនាំឱ្យមានការរៀបចំទីលានចាក់សំរាមថ្មីដែលមានលក្ខណៈស្តង់ដារ សម្រាប់ទុកដាក់ ញែក វេចខ្ចប់ សម្អាត ប្រមូល ដឹកជញ្ជូន ដោយមានប្រើប្រាស់និងកែច្នៃ ព្រមទាំងធ្វើប្រព្រឹត្តិកម្មតាមបច្ចេកវិទ្យាប្រកបដោយអនាម័យ និងសុវត្ថិភាពបរិស្ថានផងដែរ។
គួររម្លឹកថា បច្ចុប្បន្ន ខេត្តសៀមរាបមានទីលានចាក់សំរាម ២កន្លែងរួចហើយ ដែលស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ ក្នុងនោះ មានមួយកន្លែងមានទំហំជិត ៨ហិកតា ដែលវិនិយោគដោយក្រុមហ៊ុន ហ្គាអ៊ែរ (Gaea) និងមួយកន្លែងទៀតវិនិយោគដោយក្រុមហ៊ុន ស៊ិនទ្រី។ ប៉ុន្តែទីលានទាំងពីរនោះជាទីលានចំហ និងមិនទាន់ផ្តោតលើលក្ខណៈបច្ចេកទេសត្រឹមត្រូវទេ ទើបក្រសួង និងអាជ្ញាធរខេត្ត ត្រូវរៀបចំទីតាំងចាក់សំរាមថ្មីមួយកន្លែងទៀត ដែលមានលក្ខណៈបច្ចេកទេស ស្ដង់ដារ និងអនាម័យ ដែលមានទីតាំងនៅស្រុកប្រាសាទបាគង ក្រោមការគាំទ្រពីធនាគារពិភពលោក៕
- Video Advertisement -