រដ្ឋចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៩ពាន់ប័ណ្ណ ជូនពលរដ្ឋនៅស្វាយរៀង ខណៈសល់ជិត២០ម៉ឺនក្បាលដីទៀតមិនទាន់ចុះបញ្ជី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តស្វាយរៀង  បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៩.៣៤៩ប័ណ្ណ​  ជូនពលរដ្ឋនៅភូមិចំនួន ៧ភូមិ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ខណៈនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូលនៅសល់ក្បាលដីប្រមាណ១៨៤.៩២៣ក្បាលដីទៀតនៅមិនទាន់បានចុះបញ្ជីរួចរាល់។

ពិធីផ្តល់ប័ណ្ណនេះ បានធ្វើឡើងក្រោមវត្តមាន​ ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នៅថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៤។

ការផ្តល់ជូននេះ សម្រាប់ពលរដ្ឋចំនួន៧ភូមិ ក្នុងនោះរួមមាន៖ ភូមិថ្មី ភូមិសណ្ដោ ភូមិត្រពាំងស្មាច់ ភូមិដក់ព ភូមិព្រែករមៀត ភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រមាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

នាឱកាសនោះ ​ ឯកឧត្តម​ សាយ​ សំអាល់ បានលើកឡើងថា រដ្ឋាភិបាល បានដាក់ចេញ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ឱ្យបានត្រឹមត្រូវ តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌឱ្យបានចប់សព្វគ្រប់ជាស្ថាពរនៅក្នុងអាណត្តិទី៧នេះ។

ជាមួយគ្នានេះ លោក​ ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ បានថ្លែងសាទរពលរដ្ឋដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ខណៈលោកក៏ស្នើដល់ពលរដ្ឋ ត្រូវទុកដាក់ថែរក្សាឯកសារឱ្យបានត្រឹមត្រូវ និងប្រើប្រាស់បានចំគោលដៅ ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារកាន់តែល្អប្រសើរ។

តាមរយៈពិធីនេះផងដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានប្តេជ្ញាពន្លឿនដំណើរការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ក្នុងស្រុករមាសហែកប្រមាណជាង ៩ម៉ឺនក្បាលដីទៀត និងនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូលដែលនៅសល់តាមការប៉ាន់ស្មាន ចំនួន១៨៤.៩២៣ក្បាលដី ឱ្យឈានទៅបញ្ចប់តាមផែនការដែលបានកំណត់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]