ដំណើរការដឹកទំនិញលើកដំបូងពីចិនមកកម្ពុជាប្រវែង ២០០០គ.ម តាមផ្លូវគោក សម្រេចដោយជោគជ័យ

ក្បួនរថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរចំនួន ៧គ្រឿង របស់ចិន បានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាដោយជោគជ័យ ដែលជិះលើចម្ងាយផ្លូវជាង ២០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអនុតំបន់មេគង្គមានឡាវ និងថៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ  ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

គួរបញ្ចាក់ថា ក្បួនរថយន្តនេះ បានចាកចេញពីទីក្រុងគុនមីងក្នុងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ “ដំណាក់កាលប្រមូលផលដំបូង”។

ក្បួនរថយន្តចំនួន ០៧គ្រឿងនេះ រួមមានយានយន្តដឹកទំនិញចំនួន ០៥គ្រឿង គឺដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿ​ង​សង្ហារិម និងទំនិញផ្សេងៗទៀត និងយានយន្តដឹកអ្នកដំណើរចំនួន ០២គ្រឿងទៀត គឺដឹកប្រតិភូប្រទេសអនុតំបន់មេគង្គ (GMS) ប្រតិប​ត្តិ​ករដឹកជញ្ជូន អ្នកជំនាញការ និងអ្នកកាសែត។

យ៉ាងណាមិញ ក្បួនរថយន្តនេះ ត្រូវបានឆ្លងកាត់តាមប្រទេសឡាវ តាមច្រកព្រំដែន Mohan-Boten និងប្រទេសថៃ តាមច្រកព្រំដែន Huayxay-Chiang Khong ដោយបានបំពេញនីតិវិធីឆ្លងកាត់ព្រំដែន ខណៈដែលប្រតិបត្តិករចិន បានធ្វើការជាមួយភ្នាក់ងារ និង Broker  ក្នុងតំបន់តាមបណ្តោយផ្លូវដែលបានឆ្លងកាត់នេះ ដើម្បីអាចបំពេញសំណុំបែបបទឱ្យស្របតាមនីតិវិធីថ្មីៗរបស់ប្រទេសនីមួយៗ។

ថ្លែងក្នុងពិធីខាងលើ ឯកឧត្តម តូច ចាន់កុសល បានមានប្រសាសន៍ថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្នុងការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (GMS CBTA) ដែលបានបំពេញបន្ថែមទៅឱ្យការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)។

ឯកឧត្តមបានបន្ថែមថា GMS CBTA គឺជាគំនិតផ្តួចផ្តើមមួយរបស់មហាអនុតំបន់មេគង្គ (GMS) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនផ្លូវគោកជាអន្តរជាតិ និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិក GMS ជាធ្លុងមួយឱ្យអស់ពីលទ្ធភាពក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវថ្នល់។

ឯកឧត្តមបានបន្តថា កម្ពុជា​ក៏កំពុងរង់ចាំរៀបចំដំណើរការរត់សាកល្បងស្រដៀងគ្នានេះ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវគោក រវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាងផងដែរ។

តាមរយៈកិច្ចព្រមព្រៀង GMS CBTA អាចជួយឱ្យប្រតិបត្តិករដឹកជញ្ជូនកាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់ការជម្រះបែបបទពាក់ព័ន្ធ ឬនីតិវិធីឆ្លងកាត់ព្រំដែនជាអន្តរជាតិ ដោយមិនតម្រូវឱ្យមានការលើកដាក់ទំនិញឡើងវិញ ខណៈ អ្នកដំណើរនៅតែអាចអង្គុយលើយានយន្តដឹកអ្នកដំណើរនោះដដែល។

កិច្ចព្រមព្រៀងនេះ ផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនតាមផ្លូវគោកមានសុពលភាពដូចៗគ្នាជូនដល់ប្រទេសអនុតំបន់មេគង្គទាំង ០៦រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

គួរបញ្ជាក់ថា តាមរយៈការដឹកជញ្ជូនដោយប្រើប្រាស់យន្តការ GMS CBTA នេះ គឺអាចបង្កើននូវការប្រកួតប្រជែងក្នុងអនុតំបន់ GMS ដោយនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដល់ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ (ទំនិញ និងមធ្យោបាយដឹកជញ្ជូន)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]