ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ បើកដំណើរការសាកល្បងខ្សែរថភ្លើង(ភ្នំពេញ-ប៉ោយប៉ែត) ប្រកបដោយជោគជ័យ
ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ ប្រកបដោយភាពជោគជ័យ ត្រៀមដាក់ឱ្យដំណើរការផ្លូវការឆាប់ៗនេះ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកបានឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ នេះគឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558 កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
លោកបានបន្ថែមថា ដំណើរការបើកសាកល្បងរថភ្លើង ៤ទូនេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដោយសារវិបត្តិកូវីដ១៩។
ជាមួយនឹងដំណើរការសាកល្បងនេះដែរ ក្រុមការងារបច្ចេកបានត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញរថភ្លើងចំនួន ៥ ស្មើនឹង ១១ទូ ពីប្រទេសជប៉ុន ដែលគ្រោងនឹងដាក់ឱ្យដំណើរការដឹកការជារថភ្លើងល្បឿនលឿនរត់ពីភ្នំពេញ-ក្រុងព្រះសីហនុ និងពីភ្នំពេញ-ប៉ោយប៉ែត។
រថភ្លើងទាំងនេះ នឹងបើកបរដោយល្បឿនចន្លោះពី៩០ ទៅ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង អាស្រ័យតាមស្ថានភាពផ្លូវ ខណៈដែលរថភ្លើងបច្ចុប្បន្នអាចរត់បានល្បឿនត្រឹមតែ ៥០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ (អានបន្ថែម)
- Video Advertisement -