បច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងសម្រុកសង់ស្ពានដែកបណ្តោះអាសន្ន សម្រាប់ជំរុញដំណើរការខួងគ្រឹះស្ពានភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនខែ្សទី២
បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) កំពុងសម្រុកសាងសង់ស្ពានដែកបណ្តោះអាសន្ន(ជំនួសឱ្យការប្រើប្រាស់សាឡង់) សម្រាប់ជំរុញដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ដែលជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
នេះបើតាមការបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម ផន រឹម បញ្ជាក់ថា ស្ពានដីឥដ្ឋ-ថ្មគរនេះ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល និងជាស្ពានដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣)ត្រង់ចំណុចផ្លូវជាតលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ឯកឧត្តមបន្តថា មកទល់ពេលនេះ ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ កំពុងដំណើរការយ៉ាងមមាញឹក ខណៈក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) កំពុងសង់ស្ពានដែកបណ្តោះអាសន្នមួយ(ជំនួសឱ្យការប្រើប្រាស់សាឡង់) ដែលបង្កើតឡើងសម្រាប់ដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ។
គួររំលឹកថាស្ពានដីឥដ្ឋ-ថ្មគរនេះ ជាប្រភេទស្ពានបេតុងប្រវែង ១.៦០០ម៉ែត្រ,ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានប្រវែង ២.១០០ម៉ែត្រ,ទទឹង២៦ម៉ែត្រ ក្រាលAC កម្រាស់១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange)ចំនួន១កន្លែង និងផ្លូវក្រោមស្ពាន(Underpass)ចំនួន ២កន្លែង។
គម្រោងសង់ស្ពានដ៏សំខាន់មួយខ្សែនេះស្ថិតក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ និងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧។ (អានបន្ថែម)



- Video Advertisement -