ក្រុមហ៊ុន២ ចង់បង្កើតគ្លីនិកចល័ត និងផ្តល់ជំនួយអាហារូបត្ថម្ភដល់សិស្សក្នុងខេត្តនានារបស់កម្ពុជា
ជាថ្មីម្តងទៀត ក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) បានបង្ហាញពីគម្រោងសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានារបស់ម្ពុជា ដើម្បីចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្រោយជំនួបរវាងក្រុមហ៊ុន Sino និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៥។ (អានបន្ថែម)
ដោយឡែកនៅក្នុងកិច្ចពិភាក្សាលើកនេះ មាន ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយគណៈប្រតិភូមកពីក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) បានចូលរួមផងដែរ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
នាឱកាសនេះ តំណាងក្រុមហ៊ុនទំាងពីរ បានលើកឡើងលម្អិតពីគម្រោងសិក្សាលទ្ធភាពរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម លើវិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញក្តីរីករាយចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន ក្នុងការពិនិត្យលទ្ធភាពលើការរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយនវានុវត្តន៍និងបច្ចេកវិទ្យាវេជ្ជសាស្រ្តជាន់ខ្ពស់ ជូនពលរដ្ឋនៅតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះ ក៏ដូចជា គម្រោងក្នុងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្ស ដើម្បីចូលរួមបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភ និងជំរុញការរីកលូតលាស់ឱ្យបានសមស្រប។
គួរបញ្ជាក់ថា តាមរយៈគម្រោងខាងលើនេះ ភាគីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់កិច្ចសហការសម្របសម្រួល លើការសិក្សាសមិទ្ធិលទ្ធភាពគម្រោងដូចដែលបានរៀបរាប់ខាងលើ ដើម្បីឱ្យគម្រោងនេះសម្រេចបានជោគជ័យលេចចេញជារូបរាង៕
- Video Advertisement -