រុស្សីសម្ពោធការិយាល័យធុរកិច្ច (BRICS House) របស់ខ្លួនប្រចាំនៅកម្ពុជា
ការិយាល័យធុរកិច្ចរុស្ស៊ី (BRICS House) នៅកម្ពុជា បានសម្ពោធដាក់ដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ការិយាល័យធុរកិច្ចរុស្ស៊ី (BRICS House)នេះ ត្រូវបានរំពឹងថា នឹងជួយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ពិសេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក BRICS កាន់តែប្រសើរ។
លោក Vladimir Palancica ប្រធានសាខា BRICS House នៅកម្ពុជា បានឱ្យដឹងថា ការិយាល័យធុរកិច្ចមានទីតាំងនៅអាគារពាណិជ្ជកម្ម និងខុនដូ Time Square ក្នុងតំបន់បឹងកេងកង រាជធានីភ្នំពេញ។ លោកឱ្យដឹងថា បច្ចុប្បន្ន BRICS មានសមាជិកចំនួន ១០ ប្រទេស រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់ អេហ្ស៊ីប និងអេត្យូពី។
ការបើកការិយាល័យធុរកិច្ចរុស្ស៊ី (BRICS House) នៅកម្ពុជា ត្រូវបានចាត់ទុកថា ជាជំហានយុទ្ធសាស្ត្រសំខាន់មួយ ក្នុងការបង្កើតវេទិកាភ្ជាប់ធុរកិច្ចរវាងវិនិយោគិនរុស្ស៊ី និងបណ្តាប្រទេសជាសមាជិក BRICS ជាមួយទីផ្សារកម្ពុជា។ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីជាច្រកនាំចូលវិនិយោគដោយផ្ទាល់ (FDI) មកកម្ពុជា ភ្ជាប់ដៃគូធុរកិច្ចរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនអន្តរជាតិ ជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ លើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរពីទីផ្សាររុស្ស៊ី និងប្រទេសជាសមាជិក BRICS មកកម្ពុជា។
សូមរំឭកដែរថា ក្នុងជំនួបផ្លូវការរវាងលោក Vladimir Palancica ជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីខែមករាកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការបើកសម្ពោធជាផ្លូវការរបស់សាខា BRICS House នៅកម្ពុជា ដោយបានចាត់ទុកថា គម្រោងនេះ នឹងជួយបង្កើនលំហូរវិនិយោគ និងភ្ញៀវទេសចរ ដែលនឹងរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ និងការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាថែមទៀត។
ក្រសួងពាណិជ្ជកម្ម ធ្លាប់បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិ សម្រេចបាន ជាង៦៥.២៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧.៦៦%៕
- Video Advertisement -