ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ
“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រីអូស្ត្រាលី អាន អាលី បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តទ្វេភាគីក្នុងការធ្វើឱ្យចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជាស្របនឹងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់ប្រទេសអូស្ត្រាលី”
គិតចាប់ពីឆ្នាំ ១៩៩២ មកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជាប្រមាណ ១៣០០ លានដុល្លារអាម៉េរិក សម្រាប់អភិវឌ្ឍន៍ដល់វិស័យផ្សេងៗ។ នេះបើយោងតាមសេចក្តីប្រកាសស្តីពីជំនួបរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយលោកស្រី Anne Aly, រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិ ក្រសួងធុរកិច្ចធុនតូច និងជារដ្ឋមន្រ្តីក្រសួងកិច្ចការពហុវប្បធម៌នៃប្រទេសអូស្រ្តាលី ផ្សាយកាលថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៦។
នាឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះរដ្ឋា ភិបាលអូស្ត្រាលី ដែលបានគាំទ្រកម្ពុជា ចាប់តាំងពីដំណើរការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ នាដើម ទសវត្សរ៍ឆ្នាំ ១៩៩០ (សម័យកាលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១-១៩៩២) រហូតមក។ ទន្ទឹមនឹងការរួមចំណែកក្នុងការកសាងសន្តិភាព ចាប់ពីឆ្នាំ ១៩៩២ មកដល់បច្ចុប្បន្ននេះ អូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងជូនកម្ពុជា មានទំហំសរុបប្រមាណជិត ២ ប៊ីលានដុល្លារ អូស្ត្រាលី (ប្រមាណ ១៣០០ លានដុល្លារអាម៉េរិក) សម្រាប់អភិវឌ្ឍន៍ដល់វិស័យផ្សេងៗរួមមាន៖ វិស័យអប់រំ កសិកម្ម កិច្ចគាំពារសង្គមហេដ្ឋារចនាសម្ព័ន្ធ ការបោសសម្អាតមីន និងវិស័យសុខាភិបាល។
ជាមួយគ្នានេះ លោកស្រីបណ្ឌិត Anne Aly បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណង មិត្តភាពដ៏រឹងមាំ កម្ពុជា-អូស្ត្រាលី ។ លោកស្រីថា អូស្ត្រាលី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ដោយផ្អែកតាមផែនការយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីឱ្យកាន់តែរឹងមាំថែមទៀត។
តាមរយៈជំនួបនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈគម្រោង និងកម្មវិធីជំនួយ ដែលធានាបាននូវប្រសិទ្ធភាព និងនិរន្តភាព ឆ្លើយតបនឹងអាទិភាព ក៏ដូចបន្សំគ្នារវាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយ នឹងផែនការយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី ឆ្នាំ ២០៤០៕ (អានបន្ថែម)

- Video Advertisement -