Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?
ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibration កំពុងជួយអ្នករៀបចំផែនការ ឱ្យធ្វើម៉ូដែលផែនការដឹកជញ្ជូនសាធារណៈ ឱ្យបានលឿននិងមានប្រសិទ្ធភាពជាងមុន ពិសេសទាក់ទងនឹងការផ្លាស់ប្តូរផែនការដឹកជញ្ជូន និងចរាចរណ៍ថ្មី។ តើ Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?
ការធ្វើម៉ូដែលតម្រូវការធ្វើដំណើរ គឺជាវិធីសាស្ត្រដែលអ្នកគ្រោងផែនការប្រើប្រាស់ ដើម្បីប៉ាន់ស្មានពីរបៀបដែលប្រជាជនធ្វើដំណើរនៅក្នុងតំបន់មួយ។
ជាទូទៅ ការងារនេះគឺយឺតដោយសារដំណាក់កាល «កែតម្រូវ» (calibration) ដែលទាមទារឱ្យលៃតម្រូវប៉ារ៉ាម៉ែត្រដោយដៃ ដូចជាទំនោរប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ឬរយៈពេលធ្វើដំណើរ ដើម្បីឱ្យស៊ីគ្នាជាមួយទិន្នន័យជាក់ស្តែង។ ការងារនេះអាចចំណាយពេលរាប់ខែ ហើយទាមទារជំនាញកម្រិតខ្ពស់។
ប៉ុន្តែ បច្ចុប្បន្នការកែតម្រូវដោយស្វ័យប្រវត្តិ ឬ Automated Calibration កំពុងដោះស្រាយបញ្ហានេះ។
ជំនួសឱ្យការលៃតម្រូវអថេរម្ដងមួយៗ Automated Calibration កែតម្រូវប៉ារ៉ាម៉ែត្រជាច្រើនក្នុងពេលតែមួយ ដោយប្រើក្បួនដោះស្រាយបង្កើនប្រសិទ្ធភាព ដើម្បីឱ្យលទ្ធផលម៉ូដែលស៊ីគ្នាបំផុតជាមួយទិន្នន័យពិត ដូចជាចំនួនចរាចរណ៍ អ្នកជិះដឹកជញ្ជូនសាធារណៈ និងការស្ទង់មតិការធ្វើដំណើររបស់គ្រួសារ។
វិធីសាស្ដ្រនេះគឺមាននៅក្នុងកម្មវិធី Bentley OpenPaths ដែលអ្នកធ្វើផែនការគ្រាន់តែកំណត់គោលដៅពីទិន្នន័យទាំងនេះ រួចប្រព័ន្ធនឹងលៃតម្រូវម៉ូដែលដោយស្វ័យប្រវត្តិឱ្យស៊ីគ្នា។
អ្នកជំនាញផ្នែកដឹកជញ្ជូនពី WSP, Jacobs និងទីក្រុង Edmonton បានប្រើការកែតម្រូវដោយស្វ័យប្រវត្តិតាមរយៈ Bentley OpenPaths សម្រាប់ម៉ូដែលតម្រូវការធ្វើដំណើរជាច្រើនប្រភេទ។
WSP បានរកឃើញថា បច្ចេកវិទ្យានេះជួយកំណត់បញ្ហាបានលឿនជាងមុន និងអាចធ្វើឱ្យម៉ូដែលនបានល្អជាងមុន ។ Jacobs បានរាយការណ៍ថា ការដំណើរការកែតម្រូវអាចបញ្ចប់ក្នុងរយៈពេលត្រឹមតែ ៥ ទៅ ១០ ជុំ ដោយកាត់បន្ថយការពឹងផ្អែកលើសៀវភៅបញ្ជី និងការកែសម្រួលដោយដៃ។
ឧទាហរណ៍ នៅទីក្រុង Edmonton ការធ្វើ Automated Calibration បានជួយធ្វើបច្ចុប្បន្នភាពម៉ូដែលដែលដើមឡើយផ្អែកលើទិន្នន័យការធ្វើដំណើរឆ្នាំ ២០១៥ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបន្ទាប់ពីជំងឺកូវីដ-១៩ រួមមានការកើនឡើងនៃការធ្វើការពីចម្ងាយ និងការថយចុះនៃការប្រើប្រាស់ដឹកជញ្ជូនសាធារណៈ។ ទីក្រុងក៏អាចបញ្ចូលទិន្នន័យថ្មីៗអំពីចំនួនប្រជាជន ការងារ និងចរាចរណ៍បានកាន់តែងាយស្រួល។
អ្នកជំនាញបានបញ្ជាក់ថា បច្ចេកវិទ្យានេះមិនត្រឹមតែជួយសន្សំពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីជាឧបករណ៍សម្រាប់រកឃើញបញ្ហា ធ្វើឱ្យដំណើរការកែតម្រូវមានភាពច្បាស់លាស់ និងអាចធ្វើបច្ចុប្បន្នភាពម៉ូដែលបានញឹកញាប់ជាងមុន។

- Video Advertisement -