ការនាំចូលសម្ភារសំណង់នឹងបន្តកើនឡើងនៅឆ្នាំ២០២០

 

ការនាំចូលសម្ភារសំណង់ រួមមានបរិក្ខាសំណង់ផ្សេងៗ ស៊ីម៉ង់តិ៍ និងដែក ត្រូវបានព្យាករណ៍ថា នឹងនៅតែបន្តកើនឡើងនៅឆ្នាំ២០២០ ដែលឆ្លុះបញ្ជាំងពីកំណើននៃវិស័យសំណង់នៅកម្ពុជា ខណៈគម្រោងសាងសង់ក្នុងឆ្នាំ២០១៩ មានសន្ទុះកើនឡើងខ្ពស់។

យោងតាមរបាយការណ៍ស្តីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា វិស័យសំណង់នឹងនៅតែជាសសរស្តម្ភមួយនៃការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២០។

សម្រាប់ឆ្នាំ២០២០ ការនាំចូលសម្រាប់ផ្គត់ផ្គង់ដល់វិស័យសំណង់ ត្រូវបានព្យាករមានតម្លៃប្រមាណជាង ២ ៣០០ លានដុល្លារ។

ធនាគារជាតិនៃកម្ពុជានៅក្នុងរបាយការណ៍ទស្សនវិស័យនេះថា ការនាំចូលបរិក្ខារសំណង់ផ្សេងៗ តំណាងជិត ជាង៥០ភាគរយ ធៀបនឹងការនាំចូលសម្ភារសំណង់សរុប ឬមានទំហំទឹកប្រាក់នាំចូល ប្រមាណជិត ១ ៤០០លានដុល្លារ។ ចំណែកការនាំចូលស៊ីម៉ងត៍ តំណាង ជិត១០ភាគរយ ឬស្មើប្រមាណជិត ២០០លានដុល្លារ។

របាយការណ៍ដដែលបន្តថា ការនាំចូលដែកតំណាងជិត ៤០ភាគរយ ឬស្មើនឹងតម្លៃសម្រាប់នាំចូល ប្រមាណជិត ៨០០លានដុល្លារ។

ធនាគារជាតិនៃកម្ពុជា សរសេរនៅក្នុងរបាយការណ៍ថា៖ “វិស័យសំណង់ និងអចលនទ្រព្យបន្តកើនឡើង ដែលឆ្លុះបញ្ចាំងដោយនិន្នាការកើនឡើងនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួលបានការអនុម័ត”។

យោងតាមរបាយការណ៍នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឆ្នាំ២០១៩ វិស័យសំណង់មានសន្ទុះកំណើនយ៉ាងខ្លាំង ជាមួយនឹងគម្រោងសាងសង់មានចំនួន ៤ ៤៤៦ គម្រោង មានកំណើន ៥៥ភាគ ធៀបនឹងឆ្នាំ២០១៨ ខណៈទុនវិនិយោគលើវិស័យសំណង់ មានចំនួនប្រមាណ ៩,៣ ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ៧៨ ភាគរយ។

បើតាមរបាយការណ៍ដដែលនេះ នៅក្នុងឆ្នាំ២០១៩ ការនាំចូលសម្ភារសំណង់មានតម្លៃប៉ាន់ស្មាន ១ ៥០០ លានដុល្លារ ក្នុងនោះការនាំចូលបរិក្ខារសំណង់ផ្សេងៗ មានតតម្លៃជាង ៩០០លានដុល្លារ ការនាំចូលស៊ីម៉ង់តិ៍មានតម្លៃជាង ១០០លានដុល្លារ និងការនាំចូលដែកមានតម្លៃ ៥០០លានដុល្លារ។

តាមការព្យាកររបស់ធនគារជាតិនៃកម្ពុជា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៧ភាគរយ នៅឆ្នាំ២០២០ ធ្លាក់ចុះពីកំណើនដែលគេប៉ាន់ប្រមាណ ៧,១ភាគរយ ក្នុងឆ្នាំ២០១៩៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហើបវិធីសាស្ដ្រថ្មីដោយប្រើ MicroStation រួមនឹង iModels ដើម្បី​បង្កើនតម្លាភាព

Bentley Systems កំពុងជួយក្រុមវិស្វករធ្វើទំនើបកម្មលើការអ […]

កម្ពុជា-ម៉ាឡេស៊ី ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ស្តុភារកម្ម និងថាមពលកកើតឡើងវិញ

លទ្ធផលពីគណៈកម្មការចម្រុះលើកទី៣ ផ្តោតសំខាន់កិច្ចសហប្រតិប […]

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

និន្នាការ ៣ធំៗ ដែលនឹងប្ដូរអនាគតនៃហេដ្ឋារចនាសម្ព័ន្ធពិភពលោក

ក្រុមហ៊ុនកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Syste […]