កម្ពុជា-ជប៉ុន កំពុងកំណត់អាទិភាពស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងសិក្សាអំពីប្រព័ន្ធផ្លូវដែកក្នុងទីក្រុង

កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីកំណត់អាទិភាពសម្រាប់ការស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងការសិក្សាអំពីប្រព័ន្ធផ្លូវដែកក្នុងទីក្រុង សំដៅឈានទៅរៀបចំយន្តការគ្រប់គ្រងវិស័យផ្លូវដែកនៅកម្ពុជាឱ្យកាន់តែប្រសើរ។

កិច្ចពិភាក្សាលើកដំបូងនេះ បានធ្វើឡើង កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមតំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងតំណាងក្រុមហ៊ុន Nippon Koei ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសផ្លូវដែកផងដែរ។

នាឱកាសនោះ លោកជំទាវ កុយ សុដានី បានថ្លែងអំណរគុណដល់ភាគីជប៉ុន និងបានស្នើឱ្យមានការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញការអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងរួមចំណែកដល់ការអភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជា។

សូមជម្រាបដែរថា កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីផែនការ និងវិសាលភាពនៃការសិក្សា ដែលផ្តោតលើការកំណត់អាទិភាពសម្រាប់ការស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានស្រាប់ ការសិក្សាអំពីប្រព័ន្ធផ្លូវដែកក្នុងទីក្រុង ការពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីផ្លូវដែក ការរៀបចំបទដ្ឋានបច្ចេកទេស និងការពង្រឹងសមត្ថភាពគ្រប់គ្រង និងសុវត្ថិភាពនៅក្នុងវិស័យផ្លូវដែក។ អង្គប្រជុំក៏បានពិភាក្សាអំពីការចុះសិក្សាទីតាំង ការរៀបចំក្រុមការងារបច្ចេកទេស និងកម្មវិធីទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង