រោងចក្រផ្គុំ និងដំឡើងរថយន្តនៅខេត្តកំពង់ឆ្នាំង តម្លៃជិត២០លានដុល្លារ ដាក់ឱ្យដំណើរការហើយ

ក្រុមហ៊ុន TH Automotive Manufacturing ដែលជាក្រុមហ៊ុនមានម្ចាស់កម្មសិទ្ធិជាជនជាតិខ្មែរ ១០០% បានសម្ពោធខ្សែសង្វាក់ផលិតកម្មរថយន្ត GAC ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា និងការផលិតដែលមានតម្លៃបន្ថែមខ្ពស់

រោងចក្រផ្គុំ និងដំឡើងរថយន្ត ក្រោមការវិនិយោគរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងតម្លៃជិត ២០លានដុល្លារ បានប្រកាសដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC ជាផ្លូវការហើយ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី១៧ កញ្ញា ២០២៦។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការសម្ពោធជាផ្លូវការរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC នៅក្នុងខេត្តកំពង់ឆ្នាំងនេះ​ កំពុងឆ្លុះបញ្ចាំងពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិវត្តកម្មវិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលប្រើប្រាស់មូលធន បច្ចេកវិទ្យា និងជំនាញកាន់តែខ្ពស់ ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ និងការបង្កើតប្រភពចំណូលថ្មី។

ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group ដែលបង្កើតឡើងដោយវិនិយោគិនខ្មែរ ១០០% និងមានជំនាញក្នុងវិស័យយានយន្តនៅកម្ពុជា។ រោងចក្ររបស់ក្រុមហ៊ុនមានទីតាំងនៅលើផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង លើផ្ទៃដីប្រមាណ ១១ ហិកតា។ ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខពី GAC International ក្នុងការដំឡើងរថយន្តម៉ាក GAC នៅកម្ពុជា ហើយគម្រោងនេះក៏មានការដំឡើងរថយន្តម៉ាក CHEVROLET ផងដែរ។ រោងចក្រមានសមត្ថភាពផលិតរថយន្តប្រមាណ ២០,០០០ គ្រឿងក្នុងមួយឆ្នាំ ដោយផ្តោតលើទីផ្សារក្នុងស្រុក ៩០% និងនាំចេញ ១០% ជាមួយទុនវិនិយោគប្រមាណ ១៩,៣ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ២៥០ នាក់។

រាជរដ្ឋាភិបាល បានចាត់ទុកថា កម្ពុជាបានបោះជំហានផ្លាស់ប្តូរពីទីផ្សារដែលធ្លាប់ពឹងផ្អែកលើការនាំចូលរថយន្ត ទៅជាប្រទេសដែលមានសមត្ថភាពក្នុងការផលិត និងផ្គុំដំឡើងរថយន្តនៅក្នុងស្រុក។ ការរីកចម្រើនរបស់ TH Automotive Manufacturing ស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យយានយន្តជាវិស័យផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ជាមួយនឹងការបង្កើតការងារ ការអភិវឌ្ឍជំនាញ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងមូលដ្ឋានផលិតកម្មរបស់កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រផលិតរថយន្តធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី សម្លឹងមើលឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្តដ៏ធំបំផុតមួយប្រចាំសហព័ន្ធ […]

រោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក់ល្បីមួយនៅកម្ពុជា​ នឹងបើកដំណើរការក្នុងឆ្នាំ២០២៦នេះ

រោងចក្រដែលទើបសាងសង់រួចថ្មីនេះបានចាប់ផ្តើមប្រតិបត្តិការប […]