រោងចក្រផលិតរថយន្តធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី សម្លឹងមើលឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា
ក្រុមហ៊ុន និងរោងចក្រផលិតរថយន្តដ៏ធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី បានសម្លឹងមើលឱកាសពង្រីកទីផ្សារ និងការវិនិយោគមកកាន់ប្រទេសកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី បានមកស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជារួចរាល់ហើយ។
នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន ជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដឹកនាំដោយ លោក តាំង សាំងហេង ប្រធានសមាគម និងលោក Sergey Kuryshev បុគ្គលិកជាន់ខ្ពស់របស់រោងចក្រផលិតរថយន្ត GAZ Group ប្រចាំតំបន់អាស៊ី កាលថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦។
នាឱកាសនោះ តំណាងសហព័ន្ធរុស្ស៊ី បានលើកឡើងថា ដោយមើលឃើញអំពីបរិយាកាសវិនិយោគដ៏ល្អប្រសើរ ក្រុមហ៊ុនកំពុងសម្លឹងមើលឱកាសពង្រីកទីផ្សារ និងការវិនិយោគមកកាន់ប្រទេសកម្ពុជា។ ជាក់ស្តែងក្នុងឱកាសនៃជំនួបនេះ ក្រុមហ៊ុនបាននាំយករថយន្តម៉ាក GAZ ចំនួនពីរម៉ូដែល គឺម៉ូដែល GAZELLE CITY និង GAZELLE NEXT CITILINE មកតាំងបង្ហាញផ្ទាល់នៅទីស្តីការក្រសួង ដើម្បីបង្ហាញអំពីនវានុវត្តន៍ និងគុណភាពស្តង់ដាខ្ពស់នៃរថយន្តដែលផលិតដោយ GAZ Group ។
ជាការឆ្លើយតប ឯកឧត្តម ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ចំណាប់អារម្មណ៍របស់យីហោរថយន្តដ៏ល្បីល្បាញរបស់រុស្ស៊ីនាពេលនេះ គឺស្របពេលដែលឧស្សាហកម្មយានយន្តនៅកម្ពុជា កំពុងមានភាពរស់រវើក ដោយបច្ចុប្បន្នមានរោងចក្រផ្គុំ និងដំឡើងរថយន្ត រហូតដល់ ១៣គម្រោង កំពុងប្រតិបត្តិការយ៉ាងសកម្មនៅព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា GAZ Group ជារោងចក្រផលិតរថយន្តដ៏ធំបំផុតមួយ ប្រចាំសហព័ន្ធរុស្ស៊ី ដែលមានបទពិសោធន៍ជាង ៩០ឆ្នាំ។ ក្រុមហ៊ុនបាននិងកំពុងនាំចេញរថយន្តទៅកាន់ទីផ្សារ ៤៣ ប្រទេសជុំវិញពិភពលោក និងទទួលបានជោគជ័យក្នុងការបង្កើតរោងចក្រដំឡើងរថយន្តនៅប្រទេសវៀតណាម។
តាមរយៈជំនួបនោះ ភាគីកម្ពុជា ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន GAZ Group សិក្សាលទ្ធភាព ដើម្បីឈានទៅបង្កើតរោងចក្រដំឡើងរថយន្ត ឬផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា ដើម្បីបង្កើតការងារជំនាញបន្ថែមជូនប្រជាពលរដ្ឋកម្ពុជាផងដែរ៕

- Video Advertisement -