ក្រុមហ៊ុនចិន ចំនួន ២៣ ចង់វិនិយោគបង្កើតរោងចក្រផលិតដែកអ៊ីណុកនិងសម្ភារៈសំណង់ នៅកម្ពុជា
គណៈប្រតិភូទីក្រុង ចាវឈីង (Zhaoqing) នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងបណ្តាក់ទុនវិនិយោគបង្កើតបង្កើតរោងចក្រផលិតដែកអ៊ីណុកនិងសម្ភារៈសំណង់ នៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា-ចិនឱ្យកាន់តែខ្លាំងថែមទៀត។
នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូទីក្រុង ចាវឈីង (Zhaoqing) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Liu Jingbo សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអភិបាលរងទីក្រុង ចាវឈីង ព្រមទាំងមានតំណាងក្រុមហ៊ុនឯកជនចិន ២៣ក្រុមហ៊ុន កាលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
នាឱកាសនោះ លោក Liu Jingbo តំណាងក្រុមហ៊ុនឯកជនមកពីទីក្រុង ចាវឈីង បានកត់សម្គាល់ឃើញពីការខិតខំកែលម្អបរិស្ថានវិនិយោគនៅកម្ពុជា និងបានលើកឡើងនូវសំណួរពាក់ព័ន្ធនឹងការដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គិសនីផងដែរ។ ទន្ទឹមនេះ តំណាងក្រុមហ៊ុនឯកជន ក៏បង្ហាញបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម រោងចក្រផលិតថ្នាំលាប និងរោងចក្រផលិតដែកអ៊ីណុកនិងសម្ភារៈសំណង់ នៅកម្ពុជា ហើយបានស្នើសុំការគាំទ្រគម្រោងវិនិយោគរបស់ខ្លួនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាការឆ្លើយតប ឯកឧត្ត ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ សម្របសម្រួល និងគាំទ្រដល់វិនិយោគិន មិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា។
តាមរយៈជំនួបខាងលើ CDC ក៏បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសចិនគឺជាប្រភពទុនវិនិយោគបរទេសដ៏សំខាន់ និងជាដៃគូវិនិយោគដ៏ធំរបស់កម្ពុជា។ ជាក់ស្តែង វិនិយោគិនចិនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ដូចជា ការផលិតសំបកកង់រថយន្ត ការផលិតគ្រឿងបង្គុំអេឡិចត្រូនិកនិងអគ្គិសនី គ្រឿងសង្ហារិម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម។ទន្ទឹមគ្នានេះ ប្រតិភូចិន បានប្តេជ្ញាបន្តពង្រឹកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការជំរុញវិនិយោគរវាងទីក្រុង ចាងឈីង និងកម្ពុជាបន្ថែមទៀតផងដែរ៕ (អានបន្ថែម)

- Video Advertisement -