មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ

គម្រោងសាងសង់អគារមន្ទីរពេទ្យ តេជោសែន កោះធំ តម្លៃប្រមាណ១០លានដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិការបស់សប្បុរសជនក្នុងស្រុក និងការសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ។ ការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យ គ្រោងចំណាយទឹកប្រាក់ប្រមាណជាង ៦លានដុល្លារ ខណៈការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ ៤ ទៅ ៥លានដុល្លារ។

គម្រោងនេះរួមមាន ការសាងសង់អគារថ្មីចំនួន៣ខ្នង ដែលមានទំហំសរុប ១២ ៥៤៤,៤ ម៉ែត្រការ៉េ។ អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ ជាន់។

មន្ទីរពេទ្យខ្នាតធំៗនេះ អាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ នឹងត្រូវបំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ។

គម្រោងនឹងត្រូវសាងសង់ចំនួន១២ខែ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២។

មន្ទីរពេទ្យនេះ ត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យ តេជោសែន កោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសប្រើកម្ចីជប៉ុន $១៥៤លាន បង្កើតមន្ទីរពេទ្យថ្មី ២កន្លែង នៅសៀមរាប និងកំពង់ចាម

រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតមន្ទីរពេទ្យតំបន់ចំនួន២ នៅខេត្តកំពង់ចាម និងសៀមរាប ដើម្បីសម្រួលការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់ថវិការកម្ចីពីជប៉ុន។ នេះបើតាមការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ ក្នុងពិធីសន្និបាតនោះ សម្តេចបវរធិបតី បានថ្លែងថា រាជរដ្ឋាភិបាល ក្រៅពីពង្រឹងគុណភាពពេទ្យថ្នាក់ជាតិ គឺត្រូវពង្រឹងពេទ្យថ្នាក់ក្រោមជាតិផងដែរ ក្នុងនោះគឺត្រូវចាប់ផ្តើមពីពេទ្យថ្នាក់តំបន់ ដោយពង្រឹងទៅតាមបណ្តារាជធានី-ខេត្តផ្សេងៗ ដើម្បីបិទគម្លាតរវាងខេត្ត និងរាជធានីតែម្តង។ សម្តេចបានបន្ថែមថា កម្ពុជាត្រូវការពេលវេលា ដើម្បីសម្រេចការងារនេះជាជំហានៗ ដោយពង្រឹងវិស័យសុខាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ ក្នុងការកសាងសមត្ថភាពរបស់មន្ត្រីសុខាភិបាល មានសមត្ថភាពព្យាបាលជំងឺប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ចំពោះគម្រោងបង្កើតមន្ទីរពេទ្យតំបន់នេះ សម្តេចបានបញ្ជាក់ថានឹងប្រើប្រាស់កញ្ចប់ថវិកាកម្ចីពីជប៉ុន ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយ JICA កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ។ គួរបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងនោះ ជប៉ុនបានផ្តល់កម្ចីជាប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន ស្មើប្រមាណ ១៥៤លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នៅក្នុងប្រទេសកម្ពុជា។ (អានបន្ថែម) - Video Advertisement -

ជប៉ុនជួយកម្ពុជា ១៥៤លានដុល្លារ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍមន្ទីរពេទ្យក្នុងតំបន់

ជប៉ុនបានផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ស្មើប្រមាណ១៥៤លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នៅក្នុងប្រទេសកម្ពុជា។​ កិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ត្រូវបានចុះហត្ថលេខានៅល្ងាចថ្ងៃទី១៣ ខែមីនា ដោយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កុមីរ៉ាម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន នៅទីស្តីការក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ។​ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ “ការផ្តល់ឥណទានេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច”។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ការគាំទ្រនេះ នឹងរួមចំណែកផងដែរដល់ការពង្រឹងទំនាក់ទំនងយូវអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និតរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំ២០២៣ ត្រូវបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។​ - Video Advertisement -

មន្ទីរពេទ្យតេជោសែនកោះធំតម្លៃជាង ១១លានដុល្លារ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

មន្ទីរពេទ្យតេជោសែនកោះធំតម្លៃជាង ១១លានដុល្លារ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ មន្ទីរពេទ្យថ្មីនេះ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ បើតាមពិធីសម្ពោធខាងលើ អគារមន្ទីរពេទ្យតេជោសែនកោះធំ ជាសមិទ្ធលទ្ធផលសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ បានចំណាយថវិកាសរុបទាំងអស់ប្រមាណ ១១.២ លានដុល្លារ។ ក្នុងនោះដែរ ក៏មានការួមបញ្ជូលទាំងការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យបានចំណាយទឹកប្រាក់ប្រមាណ ៦.២ លានដុល្លារ និងការបំពាក់សម្ភារបរិក្ខារពេទ្យបានចំណាយទឹកប្រាក់អស់ប្រមាណ ៥លានដុល្លារ ផងដែរ។ គួបញ្ជាក់ថា មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈ២៤ម៉ោងលើ២៤ម៉ោង ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ។ មន្ទីរពេទ្យតេជោសែនកោះធំនេះ ត្រូវបានបំពាក់នូវសម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្តដ៏សម្បូរបែបឱ្យស្របទៅតាមស្តង់ដារថ្នាក់ជាតិ ដើម្បីប្រែក្លាយជាមន្ទីរពេទ្យដែលទំនើបមួយក្នុងតំបន់ ជាមួយនឹងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារៈ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ។ គួរបញ្ជាក់ថា អគារមន្ទីរពេទ្យនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ […]

អគារសម្ភពថ្មីតម្លៃ ៣លានដុល្លារ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បើកឱ្យដំណើរការហើយ

អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប (ហៅមន្ទីពេទ្យគន្ធបុប្ផាទី៣) តម្លៃ ៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ អគារសម្ភពថ្មីនេះ ត្រូវបានសម្ពោធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧នេះ ត្រូវបានសាងសង់បន្ថែមជាលើកទី២ មានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន ៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ អគារទាំងមូល ត្រូវបានសាងសង់ឡើងមានកម្ពស់ ៣ជាន់ និងមានក្រឡាផ្ទៃសរុបប្រមាណ ១៥០០ម២ ​នៃផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងមូល ដែលមានក្រឡាផ្ទៃប្រមាណ ៥,៥ហិចតា។ អគារសម្ភពថ្មីនេះ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគប្រមា​ណ ២​,​៥លានដុល្លារ ហើយប្រមាណ៥០ម៉ឺនដុល្លារទៀត ត្រូវបានចំណាយលើការបំពាក់សម្ភារៈបរិក្ខារពេទ្យដែលចាំបាច់នាពេលបន្តបន្ទា​​​ប់ទៀត​។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោមមូលនិធិគន្ធបុប្ផាស្វីស ដើម្បីបម្រើសេវាជូនស្ត្រីមានផ្ទៃពោះ និងទារក ក្នុងការចូលរួមកាត់បន្ថ​យ​អត្រាមរណភាពមាតា ទារក ពេលសម្រាលក្នុងមន្ទីរពេទ្យ ជាពិសេសទទួលបាននូវអត្ថប្រយោជន៍ជាសាច់ប្រាក់ឧបត្ថម្ភ​អំពី​គោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី ​​​​បានណែនាំឱ្យមន្ត្រីរាជការនៃមន្ទីរពេទ្យឱ្យចូលរួមថែរក្សាអគារថ្មី និងព្យាបាលអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយបន្តស្រាវជ្រាវ និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលបន្ថែមទៀត។ - Video […]

រដ្ឋសាងសង់ធនាគារឈាម ក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ក្នុងខេត្តព្រះវិហារ

រដ្ឋបាលខេត្តព្រះវិហារ ចុះបឋមសិលាសាងសង់អគារធនាគារឈាម នៃមន្ទីរពេទ្យបង្អែក ១៦មករា។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ អគារធនាគារឈាមនេះ គ្រោងសង់ដោយមានទំហំ៨ម៉ែត្រ×១៦ម៉ែត្រ ហើយតាមការគ្រោងទុកនឹងត្រូវបញ្ចប់ឲ្យបានរួចរាល់ដើមខែឧសភា ឆ្នាំ២០២៤ខាងមុខ។ បន្ថែមពីនេះ អគារធនាគារឈាមនេះ ស្ថិតក្រោមការឧបត្ថម្ភថវិកាផ្ទាល់របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារតែម្តង។​     - Video Advertisement -

ជប៉ុនជួយកម្ពុជាជិត ២០ម៉ឺនដុល្លារ អភិវឌ្ឍវិស័យសុខាភិបាល នៅខេត្តសៀមរាប និងខេត្តព្រះវិហារ

ជប៉ុនផ្តល់ជំនួយចំនួន ១៩៨,៧៨៥ដុល្លារអាមេរិក លើគម្រោងចំនួន ០២ ក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។ នេះបើតាមពិធីចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុន កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួយនេះ ត្រូវបានផ្តល់លើគម្រោងផ្តល់ម៉ាស៊ីនផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាបចំនួន ៧១,១៣៧ដុល្លារ និងគម្រោងសាងសង់អគារមន្ទីរពេទ្យថ្មី នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារចំនួន ១២៦,៦៤៨ដុល្លារ។ ថ្លែងក្នុងពិធីចុះហត្ថលេខា លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ បាន​ឱ្យដឹងថា ការផ្តល់ជំនួយឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់តម្លើងឧបករណ៍ផលិតជើងសិប្បនិម្មិត និងស្តារលទ្ធភាពពលកម្មចំនួន ១២ប្រភេទ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តសៀមរាប។ លោកសង្ឃឹមថា គម្រោងនេះ នឹងជួយកែលម្អសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីលើកម្ពស់សុខុមាលភាព និងលទ្ធភាពរបស់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គមឱ្យកាន់តែប្រសើរ​ឡើង។ គួរបញ្ជាក់ថា គម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុននេះ បានគាំទ្រដល់ម​ជ្ឈ​មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៤រួចមកហើយ គឺនៅក្នុងខេត្តក្រចេះ តាកែវ ព្រៃវែង និងគៀន​ឃ្លាំ​ង​។   - Video Advertisement -