លទ្ធផលសិក្សាបញ្ជាក់ថា៖ គម្រោងសង់ផ្លូវនាវាពីទន្លេបាសាក់ទៅខេត្តកំពតអាចអនុវត្តបាន

ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ បង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។

វឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd បានលើកឡើងក្នុងប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ​កាលពីថ្ងៃទី៣ ខែមីនា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងលើកឡើងថា មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។

នៅក្នុងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។

ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការអាទិភាព ដើម្បីដាក់ពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង មុននឹងរៀបចំដាក់ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីនាពេលបន្ទាប់។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត។

ក្រសួងលើកឡើងថា គម្រោងនេះត្រូវបានព្យាករណ៍ថា នឹងក្លាយជាកម្លាំងចលករ កែប្រែមុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា លើឆាកអន្តរជាតិ និងផ្តល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចជាតិ។

ប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ នឹងជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងផ្តល់ភាពងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនផលិតកង់រថយន្តនៅស្វាយរៀង គ្រោងវិនិយោគ $១១០លានបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកំពត

ក្រុមហ៊ុនផលិតកង់រថយន្តរបស់ប្រទេសចិន Sailun ដែលកំពុងវិនិយោគផលិតកង់រថយន្តនៅខេត្តស្វាយរៀង បានប្រកាសកាលពីថ្ងៃទី៣០ ខែតុលា ថា​ក្រុមហ៊ុនមានគម្រោងបង្កើតសួនឧស្សាហកម្មនៅប្រទេសកម្ពុជា ដោយមានឈ្មោះថា គម្រោងតំបន់សេដ្ឋកិច្ចពិសេសកំពត។​ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tyrepress ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា។​ ប្រភពដដែលបានស្រង់ព័ត៌មានរបស់ក្រុមហ៊ុនចុះផ្សាយថា ក្រុមហ៊ុន Sailun កំពុងរៀបចំបង្កើតក្រុមហ៊ុនមេមួយ ឈ្មោះថា Kampot Bay Investment Co., Ltd ដែលទទួលខុសត្រូវលើការអនុវត្តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកំពតរបស់ខ្លួន​។​ បើតាមប្រភពខាងលើបានឱ្យដឹងទៀតថា ក្រុមហ៊ុន គ្រោងបោះទុនវិនិយោគប្រមាណ ១១០លានដុល្លារ ដើម្បីបង្តើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ។​ គួររំលឹកថា កន្លងមកក្រុមហ៊ុនផលិតកង់រថយន្ត Sailun Group បានបន្ថែមទុនវិនិយោគប្រមាណ ២៦៨លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតកង់រថយន្តដឹកទំនិញថ្មីមួយ បន្ថែមពីលើរោងចក្រផលិតកង់រថយន្តធម្មតាដែលមានស្រាប់ នៅក្រុងបាវិត ខេត្តស្វាយរៀង។ (អានបន្ថែម) ជាងនេះទៅទៀតនោះគឺ ក្រុមហ៊ុន Sailun Group ជាក្រុមហ៊ុនដែលបានបង្កើតរោងចក្រផលិតកង់រថយន្តដំបូងគេនៅកម្ពុជា ដោយការសាងសង់រោងចក្រចំណាយពេល ២ ឆ្នាំ និងបានដាក់ដំណើរការផលិតកម្ម កាលពីចុងឆ្នាំ២០២១។ (អានបន្ថែម) - Video Advertisement -

ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា នៅមិនទាន់អាចងើបឡើងវិញបាននៅឡើយ ខណៈតួលេខឆ្នាំ ២០២៤ នៅទាបខ្លាំង ធៀបនឹងឆ្នាំមុនៗ

បច្ចុប្បន្នភាពនៃវិស័យសំណង់របស់កម្ពុជា នៅមិនទាន់មានកំណើនខ្លាំងឡើងវិញនៅឡើយទេ ជាក់ស្តែងតួលេខនៃចំនួនគម្រោងវិនិយោគដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២៤ នៅមានតិចតួចជាងឆ្នាំ ២០២១ និង២០២៣ ពោលគឺបានធ្លាក់ចុះមកនៅត្រឹមប្រហែល ២១៩០គម្រោង (ក្រោម ៤​ពាន់លានដុល្លារ) គិតត្រឹមខែសីហា ឆ្នាំ ២០២៤ ពីចំនួនជិត ៤៨៤១ គម្រោង (ជិត១២ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ត្រីមាសទី ៣ ឆ្នាំ ២០២៤ និងបានបង្ហាញដោយ CBRE Research ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ គួររំលឹកថា ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៤ ទិដ្ឋភាពនៃការវិនិយោគលើវិស័យសំណង់របស់ប្រទេសកម្ពុជា មានការផ្លាស់ប្តូរជាដំណាក់កាលគួរឱ្យកត់សម្គាល់ផ្សេងៗគ្នា។ រយៈពេលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ វិស័យនេះ មានការកើនឡើងជាបន្តបន្ទាប់ និងបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២០ដែលមានចំនួនគម្រោងវិនិយោគរហូតដល់ ៤៨៤១ គម្រោង ស្មើនឹងទំហំទឹកប្រាក់វិនិយោគប្រមាណជិត ១២ ពាន់លានដុល្លារ។ ចំពោះគម្រោងវិនិយោគតាមវិស័យផ្សេងៗវិញ […]

អាមេរិកប្រកាសផ្តល់ថវិកាជាង ៥៥លានដុល្លារ ជួយអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួនជាង ៥៥លានដុ​ល្លា​រ សម្រាប់ជួយអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជា៖ ពង្រឹងសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សុខុមាសភាព ការវិនិយោគ និងការបោសម្អាតមីន​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ និង២៣ ខែតុលា ឆ្នាំ២០២៤ របស់​​ USAID។ ទាក់ទងនិងជំនួយខាងលើ អ្នកស្រី Samantha Power នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID សកល បានឱ្យដឹងថា ការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិក គឺសម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាលើសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដូចខាងក្រោម៖ ទី១_តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ២៩លានដុល្លារ ស​ម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន”  ដោយផ្តោតសំខាន់លើការងារពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងការកែលម្អទំនាក់ទំនង​ទីផ្សារ។ ទី២_ជំនួយដល់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ៖ ជាង 6 លានដុល្លារ នឹងត្រូវបញ្ជូនទៅក្នុងសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ការការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម។ ទី៣_ជំនួយផ្នែកការងារ […]

គម្រោងស្តារអាងទំនប់ទឹកធំៗ ៣កន្លែង នៅមណ្ឌលគិរី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

គម្រោងស្តារអាងទំនប់ទឹកធំៗ ៣កន្លែង រួមមានទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ដែលចំណាយថវិកាអស់ ៦២លានដុល្លារអាមេរិក​ បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។​ គម្រោងអភិវឌ្ឍន៍ទាំង ០៣នេះ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ គម្រោងនេះ ត្រូវបានអភិវឌ្ឍឡើងដោយប្រើប្រាស់អស់ថវិកាប្រមាណ ៦២លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណ​​ទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកការដ្ឋានកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ ទំនប់ទាំង៣ នេះ នឹងផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និង ២០០០គ្រួសារ ក្នុងស្រុកអូររាំងនៃខេត្តមណ្ឌលគិរី។ លើសពីនេះទៅទៀត អាងទឹកទាំង ៣ ខាងលើ នឹងដើរតួជាប្រភពទឹកសំខាន់បំផុតសម្រាប់ការស្រោចស្រពដំណាំកសិ-ឧស្សាហកម្មដូចជាដំណាំលើផ្ទៃដីចំនួន ១៥០០ហិកតា ព្រមទាំងចូលរួមចំណែកក្នុងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីផងដែរ។ (អានបន្ថែម) បន្ថែមពីនេះ គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនទេសចរផងដែរ។ គួរបញ្ជាក់ថា បើតាមសុន្ទរកថារបស់សម្តេចបវរធិបតីបានថ្លែងក្នុងពិធីសម្ពោធខាងលើនេះ ចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន កម្ពុជាមានអាងស្តុកទឹកជាង ១១៣៧កន្លែង […]

ក្រុមហ៊ុនចំនួន ០២ កំពុងចុះសិក្សាគម្រោងកន្ត្រកខ្សែកាបនៅភ្នំបូកគោ ខេត្តកំពត

ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមិនគ្រុប របស់អ្នកឧកញ៉ា សុខ គង់ បានអនុញ្ញាតឱ្យក្រុមហ៊ុន Doppelmayr និងក្រុមហ៊ុនConfluences ឱ្យធ្វើការសិក្សាអំពីគម្រោងកន្ត្រកខ្សែកាប (Cable Car) នៅលើភ្នំបូកគោ។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេកប៊ុកផេកផ្លូវការតាមក្រុមហ៊ុន Sokimex Investment Group នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ ក្នុងនោះលោកឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមិនគ្រុប បានជួបពិភាក្សាជាមួយលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr អំពីការអភិវឌ្ឍប្រព័ន្ធកន្ត្រកខ្សែកាបនៅលើភ្នំបូកគោ ព្រមទាំងបានអញ្ជើញទៅពិនិត្យមើលទីតាំងផ្ទាល់ផងដែរ ដើម្បីសិក្សាលទ្ធភាពបច្ចេកទេស និងសេដ្ឋកិច្ចនៃការប្រតិបត្តិការគម្រោងកន្ត្រកខ្សែកាបនេះ។ បើតាមជំនួបខាងលើនេះ បានឱ្យដឹងថា គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីបង្កើនភាពទាក់ទាញផ្នែកទេស​ច​រ​ណ៍នៅខេត្តកំពត ជាពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ សម្រាប់ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្រៅពីការ​ទាក់ទាញផ្នែកទេសចរណ៍គម្រោងកន្ត្រកខ្សែកាបនេះនឹងបង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋា​ន ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជារួមរបស់ប្រទេសកម្ពុជា។ យ៉ាងណាមិញ ក្រុមហ៊ុន Doppelmayr និងក្រុមហ៊ុនConfluences កន្លងទៅ ក៏ធ្លាប់បានឱ្យដឹងដែរថា ក្រុមហ៊ុនទាំងពីរ​កំពុងធ្វើការរួមគ្នាលើការសិក្សាស្រាវជ្រាវទៅលើលទ្ធភាពក្នុង​ការ​សាងសង់​គម្រោងកន្ត្រកខ្សែកាបទី១ នៅខេត្តព្រះសីហនុ ដែលការសិក្សា នឹងត្រូវពិនិត្យមើលទៅលើចំនួនកន្ត្រកខ្សែកាប ដែល​នឹងត្រូវ​ដំឡើង ឱ្យស្របទៅតាមតម្រូវការ […]

បារាំង និងអឺរ៉ុប គ្រោងពង្រីកសក្តានុពលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា

ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប គ្រោងនឹងសិក្សាពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ។ នេះបើតាមកិច្ចពិភាក្សាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហការ ដើម្បីពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពកម្ពុជាឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ដែលផ្តោតលើការទទួលបានសេវា និងការគ្រប់គ្រងវិស័យទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់ពលរដ្ឋគ្រប់រូប។ ក្នុងកិច្ចពិភាក្សាខាងលើនេះ លោកជំទាវ Sandrine Boucher នាយក AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា AFD បានរួមចំណែកក្នុងវិស័យទឹកស្អាតនៅកម្ពុជាជាង ៣០ឆ្នាំមកហើយ។ តាមរយៈជំនួយបច្ចេកទេសនេះ​ AF​D ​បានបញ្ជូនក្រុមអ្នកជំនាញ ដើម្បីធ្វើការសិក្សាកំណត់វិសាលភាព សម្រាប់ជាមូលដ្ឋានគ្រឹះនៃការសិក្សាសមិទ្ធិ​​លទ្ធភា​ព​នៃការកែទម្រង់វិស័យទឹកស្អាត ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបក៏បានបញ្ជាក់ការផ្តល់មូលនិធិសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ ស្របតាមយុទ្ធសាស្ត្រអឺ​រ៉ុបរួមទីពីរសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះការកែទម្រង់វិស័យទឹកស្អាតគឺជាអាទិភាពចម្ប​ងមួ​យរបស់ខ្លួន។ កិច្ចប្រជុំនេះ បានសម្រេចដោយឯកឧត្តម ហែម វណ្ណឌី និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់ធាតុចូលសំខាន់ៗដល់ក្រុមការងាររបស់ AFD ពិសេសទាក់ទងនឹងគោលបំណង និងលទ្ធផលរំពឹងទុកនៃបេសកកម្មរបស់ពួកគេ។ សមភាគីក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការសហការគាំទ្រគំនិតផ្តួចផ្តើមនេះឱ្យសម្រេចជោគជ័យតាមការគ្រោងទុក។ - Video Advertisement -