ព្រលានយន្តហោះខ្នាតធំប្រកាសថានឹងសាងសង់នៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញផែនការសាងសង់ព្រលានយន្តហោះដ៏ធំថ្មីមួយនៅក្នុងខេត្តកណ្តាលភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ។ ព្រលានយន្តហោះថ្មីនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយអស់ថវិកាប្រមាណ ១.៥ប៊ីលានដុល្លារ ហើយប្រសិនបើត្រូវបានសាងសង់រួចនោះ ព្រលានយន្តហោះនេះនឹងក្លាយជាព្រលានយន្តហោះធំបំផុតមួយក្នុងចំណោមព្រលានយន្តហោះធំៗក្នុងពិភពលោកផងដែរ។

ឯកសារពីទីស្ដីការគណៈរដ្ឋមន្ត្រីដែលបានផ្ញើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានលើកឡើងពីការអនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. ដើម្បីអភិវឌ្ឍ៍ព្រលានយន្តហោះអន្តរជាតិ។

ឯកសារបានបង្ហាញថា ការអនុម័តយល់ព្រមត្រូវបានធ្វើឡើងនៅដើមខែមករា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៩ រវាងមន្រ្តីកម្ពុជា និងមន្រ្តីចិន ព្រមទាំងមេដឹកនាំជំនួញធំៗក្នុងអំឡុងពេលទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិន។

គម្រោងព្រលានយន្តហោះខ្នាតធំនេះជាគម្រោងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំង១៩នោះ ហើយត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍និងសាងសង់ក្នុងស្រុកឈានមុខគេ របស់ឧកញ៉ា ពុង ឃាវសែ និងធនាគារអភិវឌ្ឍន៍ចិន (China Development Bank) ។

ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) របស់រាជរដ្ឋាភិបាលកម្ពុជានេះ នឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ យោងតាមឯកសារខាងលើ ក្រុមហ៊ុន OCIC នឹងកាន់កាប់ភាគហ៊ុនចំនួន ៩០ភាគរយ នៅក្នុងព្រលានយន្តហោះដែលសាងសង់រួចរាល់ ហើយនៅសល់គឺជាភាគហ៊ុនរបស់ SSCA ។

ព្រលានយន្តហោះទំហំ ២.៦០០ហិកតា នឹងក្លាយជាព្រលានយន្តហោះធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare (ទំហំ២,៦១០ហិកតា) និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន (ទំហំ២,៣៣០ហិកតា)។ ទំហំនៃព្រលានយន្តហោះភ្នំពេញបច្ចុប្បន្នគឺ ៤០០ហិកតា។ ព្រលានយន្តហោះថ្មីដែលស្ថិតក្នុងលំដាប់ថ្នាក់ 4F នេះនឹងមានសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ។

ព្រលានយន្តហោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទទួលអ្នកដំណើរដែលត្រូវបានព្យាករណ៍ថានឹងមានចំនួនកើនឡើងនោះទេ ហើយព្រលានយន្តហោះទាំងនោះនៅខ្វះខាតទីកន្លែងដែលត្រូវពង្រីកបន្ថែមទៀត នេះបើតាមលោក តឹករ៉េត សំរេច រដ្ឋលេខាធិការនៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ចាប់តាំងពីឆ្នាំ១៩៩៥មក អាកាសយានដ្ឋានកម្ពុជាដែលកម្មសិទ្ធិភាគច្រើនជារបស់ក្រុមហ៊ុន Vinci Group របស់បារាំង គឺត្រូវបានផ្តល់សម្បទានរយៈពេល ៤៥ឆ្នាំ ដើម្បីគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិចំនួន៣នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺអាកាសយានដ្ឋាននៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ តាមលោក ខែក ណូរីនដា ប្រធានផ្នែកទំនាក់ទំនងនៃ Societe Concessionnaire de l’Aeroport បានឲ្យដឹងថា ក្រុមហ៊ុននេះបានដាក់ស្នើផែនការទៅកាន់រដ្ឋាភិបាលកាលពីឆ្នាំមុនដើម្បីពង្រីកព្រលានយន្តហោះនៅភ្នំពេញ និងសៀមរាប ដើម្បីឆ្លើយតបនឹងកំណើនចរាចរណ៍នាពេលអនាគត។

លោក Touch Samang អនុប្រធានក្រុមហ៊ុន OCIC មិនអាចធ្វើអត្ថាធិប្បាយដល់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ស្តីពីគម្រោងនេះបានទេកាលពីដើមខែមករា ដោយបញ្ជាក់ថាលោកមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់នៅក្នុងដៃទាក់ទងនឹងដំណើរការគម្រោងនោះទេ។

ព័ត៌មានក្នុងស្រុកមួយបានដកស្រង់សម្តីអ្នកនាំពាក្យរបស់ SSCA លោក ស៊ិន ចាន់សិរីវុត្ថា កាលពីដើមខែមករា ដោយបានលើកឡើងថា មិនមានផែនការលម្អិតឬកិច្ចព្រមព្រៀងនៅឡើយទេ ហើយអាជ្ញាធរអាកាសចរណ៍ក៏មិនទាន់បានជួបជាមួយក្រុមហ៊ុន OCIC ដើម្បីពិភាក្សាអំពីគម្រោងនេះនៅឡើយ។ លោកបានមានប្រសាសន៍ថា “គម្រោងនេះនឹងត្រូវការពេលវេលាយូរដើម្បីសម្រេចបានដោយសារតែយើងត្រូវការការចរចាលើលក្ខណៈវិនិច្ឆ័យជាច្រើនលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង” ។

កន្លែងព្រលានយន្តហោះនេះត្រូវបានគេព្យាករណ៍ថានឹងគ្របដណ្តប់លើផ្ទៃដី ៧០០ហិកតា ហើយទីតាំងដែលនៅសេសសល់នឹងត្រូវអភិវឌ្ឍន៍ទៅជាទីក្រុងព្រលានយន្តហោះ ដែលរួមមាន ការអភិវឌ្ឍចម្រុះរួមបញ្ចូលទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាន។ លោក ចាន់ សិរីវុត្ថា បានពន្យល់ថា ការវិនិយោគតែលើវាលយន្តហោះមួយមុខ មិនបង្កើតប្រាក់ចំណេញនោះទេ ដូច្នេះហើយការអភិវឌ្ឍត្រូវតែមានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងសេវាផ្សេងៗទៀតនៅក្បែរនោះដើម្បីទាក់ទាញអតិថិជន។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងសុទិដ្ឋិនិយមរបស់លោកក្នុងពេលជួបជុំជាមួយកម្មករនៅពាក់កណ្តាលខែមករា អំពីការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីចំនួនពីរនៅក្នុងប្រទេស។ លោកបានមានប្រសាសន៍ថា “កំណើនទេសចរណ៍ពិតជាបង្ហាញពីទស្សនៈត្រឹមត្រូវរបស់ប្រទេសក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីពីរ”។

កាលពីឆ្នាំមុន ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៥.៦លាននាក់។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “នេះត្រូវបានចាត់ទុកថាជាមោទនភាពមួយដើម្បីធ្វើឲ្យបានល្អបំផុតដើម្បីលើកកម្ពស់វិស័យនេះ”។ លោកក៏បានចង្អុលបង្ហាញថា “យើងនឹងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំមួយរបស់ប្រទេស។”

រូបប្លង់ម៉ាកែតគំរូលំដាប់ព្រលានយន្តហោះ 4F

រូបតំណាងព្រលានយន្តហោះចំណាត់ថ្នាក់ 4F នៅ Dalian Jinzhouwan

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]

កម្ពុជា-វៀតណាម គ្រោងសង់មជ្ឈមណ្ឌលជាតិព្យាបាលអ្នកញៀនគ្រឿងញៀន ទំហំ ៥៣ហិកតា

កម្ពុជា-វៀតណាម គ្រោងនឹងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ […]

ខេត្តកំពង់ចាមក្លាយជាខេត្តដំបូងគេដែលសម្រេចបានការកំណត់ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ច្បាស់លាស់

គំនិតផ្ដួចផ្ដើមក្នុងការរៀបចំកំណត់ផែនទីព្រំប្រទល់រដ្ឋបាល […]

ផ្លូវក្រវាត់ព្រំដែន​ខេត្ត​មណ្ឌលគិរី និង​រតនគិរី​សាងសង់​ជិត​បញ្ចប់ ១០០% ហើយ

គិតចាប់​ពី​ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ […]

តើមានអ្វីថ្មីនៅក្នុងកម្មវិធី OpenUtilities Substation+ ថ្មី?

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ OpenUtil […]

ក្រុមហ៊ុនចិនចំនួ​នពីរសម្រេចបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចមួយនៃខេត្តស្វាយរៀង​

ក្រុមហ៊ុនចំនួនពីរបានសន្យាបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋ […]