ប្រតិភូកម្ពុជា ចូលរួមសន្និសីទ និងពិព័រណ៍រ៉ែអន្តរជាតិចិន លើកទី២៨ នៅទីក្រុងធានជីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគប្រកបដោយចីរភាព
ឯកឧត្តម អ៊ឹង អៀង តំណាងក្រសួងរ៉ែ និងថាមពល ដឹកនាំប្រតិភូជាន់ខ្ពស់ចូលរួមវេទិការដ្ឋមន្ត្រីអន្តរជាតិ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យាថ្មីៗ និងរុញច្រានការអភិវឌ្ឍវិស័យរ៉ែបៃតង
ទីក្រុងធានជីន៖ កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យរ៉ែ និងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាទំនើប ប្រកបដោយការទទួលខុសត្រូវខ្ពស់ បានក្លាយជាប្រធានបទស្នូលក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៉ឺង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំប្រតិភូជំនាញកម្ពុជា ចូលរួមក្នុង «វេទិការដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការរ៉ែអន្តរជាតិ» និង «ពិធីបើកសន្និសីទនិងពិព័រណ៍រ៉ែអន្តរជាតិចិន លើកទី២៨ ឆ្នាំ២០២៦» ដែលបានរៀបចំឡើងយ៉ាងអធិកអធម នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន។
ព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោកនាពេលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យរ៉ែ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យា និងការអនុវត្តល្អៗ។ វេទិការដ្ឋមន្ត្រី និងពិព័រណ៍រ៉ែអន្តរជាតិចិន ឆ្នាំ២០២៦ នេះ ក៏ជាបង្អែកដ៏សំខាន់សម្រាប់ការបណ្តុះបណ្តាល និងការទាក់ទាញការវិនិយោគប្រកបដោយការទទួលខុសត្រូវខ្ពស់លើបរិស្ថាន និងចីរភាពសង្គម។ នៅក្នុងកិច្ចប្រជុំ ប្រតិភូកម្ពុជាបានចូលរួមពិភាក្សាលើការអនុវត្តបច្ចេកវិទ្យារ៉ែឆ្លាតវៃ និងការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។
ការចូលរួមរបស់ប្រតិភូកម្ពុជានៅក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ បង្ហាញពីឆន្ទៈយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មវិស័យរ៉ែនៅក្នុងប្រទេស។ ការពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ និងក្រុមហ៊ុនវិនិយោគឈានមុខ នឹងជួយបង្កើនឱកាសទាក់ទាញទុនវិនិយោគបរទេស បង្កើតការងារ និងផ្ទេរបច្ចេកវិទ្យាថ្មីៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។
សូមជម្រាបថា ការចូលរួមរបស់ប្រតិភូក្រសួងរ៉ែ និងថាមពលកម្ពុជា ក្នុងសន្និសីទ និងពិព័រណ៍រ៉ែអន្តរជាតិចិន លើកទី២៨ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបច្ចេកវិទ្យាទំនើបៗ។ ការពង្រឹងភាពជាដៃគូ និងការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវ នឹងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការអភិវឌ្ឍវិស័យរ៉ែកម្ពុជាឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងចីរភាព។ (អានបន្ថែម)
- Video Advertisement -