ក្រុមហ៊ុនធំៗរបស់អាមេរិក ចង់ពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងភ្នំពេញ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនជាសមាជិកក្នុងការជំរុញនវានុវត្តន៍ ព័ស្តុភារកម្ម សេវាថែទាំសុខភាព និងកំណើនឌីជីថលនៅកម្ពុជា
គណៈប្រតិភូតំណាងក្រុមហ៊ុនធំរបស់អាមេរិក បានបង្ហាញការចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា ព្រមទាំងចង់ពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
តាមរយៈជំនួប លោក Brian D. McFeeters បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺមានសមាជិករហូតដល់ទៅជាង ១៨០ក្រុមហ៊ុន ហើយក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។
លោកបន្តថា នៅពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កំពុងតែដំណើរការល្អ ហើយក្នុងនាមវិស័យឯកជនតំណាងឱ្យក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន គឺចង់ចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកនៅក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត។លោកបន្តថា ជំនួបជាមួយសម្តេច គឺដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោបានគាំទ្រចំពោះអ្នកវិនិយោគអាមេរិកមកកាន់ប្រទេសកម្ពុជា ដោយសម្ដេចបញ្ជាក់ថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកគឺសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនេះឯង។
តាមរយៈជំនួបខាងលើ សម្ដេចតេជោ បានបង្ហាញក្តីសង្ឃឹមដែរថា វិនិយោគិនអាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ហើយសម្ដេចកត់សម្គាល់ថា អ្នកវិនិយោគរបស់អាមេរិកភាគច្រើនបានវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ដោតទៅលើ ផ្នែកដឹកជញ្ជូន ផ្នែកវេជ្ជសាស្ត្រ វិស័យអប់រំ និងលើវិស័យបច្ចេកវិទ្យា ដែលទាំងអស់នេះជាចំណុចដែលកម្ពុជាចង់បាន គឺការធ្វើនវានុវត្តន៍នេះឯង៕ (អានបន្ថែម)

- Video Advertisement -