ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes van Wijngaarden ឯកអគ្គរដ្ឋទូតហូឡង់ សន្យាពង្រីកការតភ្ជាប់វិស័យឯកជន និងការផ្គូផ្គងអាជីវកម្ម ដើម្បីចាប់យកសក្តានុពលសេដ្ឋកិច្ចដែលមិនទាន់បានប្រើប្រាស់
កម្ពុជា-ហូឡង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ខណៈនៅឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើង រហូតដល់ជាង ១ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមជំនួបពិភាក្សា រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជាជាមួយលោក Remco Johannes van Wijngaarden ឯកអគ្គរាជទូតហូឡង់ប្រចាំកម្ពុជា កាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
នាឱកាសនោះ ឯកអគ្គរាជទូតហូឡង់ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ជាពិសេសការរីកចម្រើនលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏រំលេចពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើង រហូតដល់ជាង ១ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។ ជាមួយគ្នានេះ ឯកអគ្គរាជទូតក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនហូឡង់ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។
ជាការឆ្លើយតប សម្ដេចធិបតីវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ឯកឧត្តមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ សម្ដេចធិបតី រំពឹងថាចំណងមិត្តភាពរវាងប្រទេសទាំងពីរនឹង កាន់តែស្អិតរមួត ស្របពេលដែលប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងវិស័យជាច្រើនទៀត។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ កម្ពុជា-ហូឡង់ ក៏បានបន្តពិភាក្សាគ្នាអំពីការជំរុញការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដោយបានឯកភាពជំរុញការតភ្ជាប់រវាងវិស័យឯកជន និងឯកជន (B2B) តាមរយៈការរៀបចំទស្សនកិច្ចធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មនានា ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន៕
- Video Advertisement -