កម្ពុជា និងជប៉ុន ចាប់ដៃគ្នាក្នុង «សិក្ខាសាលារួមគ្នាបង្កើតសេដ្ឋកិច្ចលំហអាកាស» ដើម្បីរុញច្រានការអភិវឌ្ឍបច្ចេកវិទ្យា និងកំណើនបៃតង

ឯកឧត្តម ជា វ៉ាន់ដេត ថ្លែងបើកផ្លូវរៀបចំគោលនយោបាយ និងកម្មវិធីលំហអាកាសជាតិ ៥ឆ្នាំ ព្រមទាំងការផ្តល់អាហារូបករណ៍ដល់និស្សិត ៤៨រូប ដើម្បីកសាងសមត្ថភាពធនធានមនុស្សឌីជីថល

រាជធានីភ្នំពេញ៖ ការអភិវឌ្ឍបច្ចេកវិទ្យាលំហអាកាស និងការទាញយកទិន្នន័យពីផ្កាយរណប បានក្លាយជាឧបករណ៍យុទ្ធសាស្ត្រដ៏មានឥទ្ធិពលក្នុងការបើកទំព័រថ្មីនៃសេដ្ឋកិច្ចឌីជីថល ការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ បើកសិក្ខាសាលាស្តីពីការបង្កើតបណ្តាញ និងការផ្គូរផ្គងធុរកិច្ចដើម្បី «រួមគ្នាបង្កើត» សេដ្ឋកិច្ចលំហអាកាស កម្ពុជា-ជប៉ុន (Cambodia-Japan “Co-Creation” Networking Symposium and Business Matching)។ ព្រឹត្តិការណ៍នេះ មានការចូលរួមជាអធិបតីពី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងតំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នប្រមាណ ១៥០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីកសាងបណ្តាញទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងដៃគូសហការរវាងប្រទេសកម្ពុជា និងជប៉ុន ដោយផ្តោតសំខាន់លើវិស័យលំហអាកាស ការស្រាវជ្រាវ និងការច្នៃប្រឌិតបច្ចេកវិទ្យា។ កិច្ចសហការទ្វេភាគីនេះ មានគោលបំណងជំរុញកំណើនបៃតង (Green Growth) លើកកម្ពស់ការការពារបរិស្ថាន ពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងបង្កើតឱកាសពាណិជ្ជកម្មថ្មីៗសម្រាប់ធុរកិច្ចក្នុង និងក្រៅប្រទេស។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់អំពីទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយក្រសួងប្រៃសណីយកំពុងរៀបចំ «គោលនយោបាយជាតិស្ដីពីលំហអាកាស» និង «កម្មវិធីលំហអាកាសរយៈពេល ៥ឆ្នាំ»។ គំនិតផ្តួចផ្តើមទាំងនេះ មានគោលបំណងបង្កើតប្រព័ន្ធអេកូឡូស៊ីលំហអាកាសជាតិ ក៏ដូចជាជំរុញសេដ្ឋកិច្ចលំហអាកាសនៅកម្ពុជា ដើម្បីទាញយកប្រយោជន៍លើការអភិវឌ្ឍសេដ្ឋកិច្ច ការការពារបរិស្ថាន ការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ និងការធ្វើបរិវត្តកម្មឌីជីថល។ បន្ថែមពីលើនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្ស ក្រសួងក៏បានបង្កើត និងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតដល់និស្សិតកម្ពុជាចំនួន ៤៨នាក់ ដើម្បីទៅសិក្សាលើជំនាញលំហអាកាសនៅបរទេស។

សូមជម្រាបជូនថា ការរៀបចំ «សិក្ខាសាលារួមគ្នាបង្កើតសេដ្ឋកិច្ចលំហអាកាស កម្ពុជា-ជប៉ុន» នៅរាជធានីភ្នំពេញ បានស្តែងឱ្យឃើញពីការបោះជំហានយ៉ាងសកម្មរបស់កម្ពុជា ក្នុងការទាញយកបច្ចេកវិទ្យាកម្រិតខ្ពស់មកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ការរៀបចំក្របខណ្ឌគោលនយោបាយជាតិ បូករួមនឹងការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងជំនាញលំហអាកាស មិនត្រឹមតែជួយពង្រឹងសមត្ថភាពឌីជីថលរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាគ្រឹះយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាពនាពេលអនាគត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]

ក្រុមហ៊ុនអាមេរិកធំៗផ្តោតការវិនិយោគសំខាន់លើវិស័យសក្តានុពលរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយគណៈប្រតិភូ US-ABC ដើម្ប […]

កុំភ្លេចមកទស្សនាពិព័រណ៍សំណង់កម្ពុជាឆ្នាំ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ!

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ស […]

ដំណើរទេសចរណ៍ធុរកិច្ចរបស់សមាគមអ្នកសាងសង់កម្ពុជានៅទីក្រុងហ្វូសានបានបញ្ចប់ដោយជោគជ័យ

កិច្ចសហប្រតិបត្តិការតាំងបង្ហាញពិព័រណ៌កម្រិតអន្តរជាតិដ៏ធ […]