កិច្ចប្រជុំកំពូលអន្តរជាតិស្តីពីលំហអាកាស នៅទីក្រុងប៉ារីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការប្រើប្រាស់លំហអាកាសដោយសន្តិវិធី

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានថ្លែងការគាំទ្រលើសេចក្តីថ្លែងការណ៍ចំនួនបីរបស់បារាំង និងបានពិភាក្សាលើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកផ្កាយរណប បញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ

ទីក្រុងប៉ារីស៖ ការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបច្ចេកវិទ្យា និងការទាញយកផលប្រយោជន៍ពីលំហអាកាសសម្រាប់គោលដៅសន្តិភាព និងសេដ្ឋកិច្ច បានក្លាយជាអាទិភាពយុទ្ធសាស្ត្រថ្មីមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថល។ តាមរយៈកិច្ចប្រជុំកំពូលអន្តរជាតិ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់តាំង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ដើម្បីចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិស្តីពីលំហអាកាស (International Space Summit) នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។

ព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោកដែលត្រូវបានរៀបចំឡើងជាលើកដំបូងនេះ គឺជាកិច្ចសហការរវាងសាធារណរដ្ឋបារាំង និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យលំហអាកាស និងតំណាងមកពីជាង ៩០ ប្រទេស ព្រមទាំងតំណាងអង្គការអន្តរជាតិ និងវិស័យឯកជនសរុបជាង ២,០០០ នាក់។ អង្គប្រជុំកំពូលបានផ្តោតលើការប្រកាសរួមគ្នានូវឧត្តមបំណងនៃការប្រើប្រាស់លំហអាកាសសម្រាប់គោលដៅសន្តិភាព និងប្រកបដោយចីរភាព ក្នុងបរិការណ៍នៃការប្រកួតប្រជែងផ្នែកលំហអាកាស ដើម្បីគោលដៅសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ។ នៅក្នុងកិច្ចប្រជុំនេះ កម្ពុជាបានបង្ហាញពីជំហរយ៉ាងសកម្មដោយបានផ្តល់ការគាំទ្រផ្លូវការ (Endorsement) ចំពោះសេចក្តីថ្លែងការណ៍ចំនួនបី ដែលផ្តួចផ្តើមដោយសាធារណរដ្ឋបារាំង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តម Philippe Baptiste រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា ការស្រាវជ្រាវ និងលំហអាកាសរបស់បារាំង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាស។ បន្ថែមលើនេះ ឯកឧត្តមក៏បានជួបសម្តែងការគួរសមជាមួយ លោកជំទាវ Eléonore Caroit រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងជនជាតិបារាំងនៅក្រៅប្រទេស ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកបញ្ញាសិប្បនិម្មិត (AI) សន្តិសុខសាយប័រ បច្ចេកវិទ្យាកង់ទិច និងឧស្សាហកម្មសឺមីកុងឌុចទ័រ។ បន្ទាប់ពីបញ្ចប់ជំនួបផ្លូវការនៅប៉ារីស ឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូបន្តដំណើរទៅធ្វើទស្សនកិច្ចការងារនៅស្ថាប័ន និងក្រុមហ៊ុនលំហអាកាសឈានមុខក្នុងទីក្រុងទូលូស (Toulouse) ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មលំហអាកាសដ៏ធំបំផុតនៅក្នុងប្រទេសបារាំង និងអឺរ៉ុប។

សូមរំឭកថា ការចូលរួមរបស់តំណាងរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រជុំកំពូលអន្តរជាតិស្តីពីលំហអាកាសនៅទីក្រុងប៉ារីស គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាកម្រិតខ្ពស់រវាងកម្ពុជា និងបារាំង។ ការបង្កើតទំនាក់ទំនងជិតស្និទ្ធលើវិស័យបច្ចេកវិទ្យាផ្កាយរណប បញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ មិនត្រឹមតែជួយពង្រឹងសមត្ថភាពធនធានមនុស្សក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរុញច្រានកម្ពុជាឱ្យទាន់សម័យកាលឌីជីថល និងចូលរួមចំណែកយ៉ាងសកម្មក្នុងសន្តិសុខ និងចីរភាពនៃលំហអាកាសសកល។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]