អាមេរិក និងអង្គការ HALO Trust ពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីន
លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក ចុះពិនិត្យមើលវឌ្ឍនភាពការងារបោសសំអាតមីននៅខេត្តសៀមរាប ដែលបានបោសម្អាតដីបានជាង ២២៧ គីឡូម៉ែត្រក្រឡា ចាប់តាំងពីឆ្នាំ២០០០
ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការសកម្មភាពមីនរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកែប្រែដីធ្លីដែលពោរពេញដោយគ្រោះថ្នាក់ពីសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឱ្យទៅជាទីកន្លែងដែលមានសុវត្ថិភាព និងជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងសហគមន៍មូលដ្ឋានអស់រយៈពេលជាច្រើនទសវត្សរ៍។ ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចផ្លូវការនៅក្នុងខេត្តសៀមរាប លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅជួបផ្ទាល់ជាមួយក្រុមការងារនៃអង្គការ HALO Trust ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារបោសសម្អាតមីនដែលកំពុងដំណើរការ ក្រោមជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ចាប់តាំងពីឆ្នាំ២០០០ មក សហរដ្ឋអាមេរិកបានផ្តល់វិភាគទានវិនិយោគថវិកាជាង ៥២ លានដុល្លារអាមេរិក ដើម្បីគាំទ្របេសកកម្មមនុស្សធម៌របស់អង្គការ HALO Trust ក្នុងការលុបបំបាត់សំណល់យុទ្ធភណ្ឌសង្គ្រាមនៅទូទាំងប្រទេសកម្ពុជា។ តាមរយៈភាពជាដៃគូដ៏យូរអង្វែងនេះ អង្គការ HALO Trust បានសម្រេចនូវសមិទ្ធផលធំៗដោយបានបោសសម្អាតចំការមីនជិត ២ ៨០០ កន្លែង និងបានបំផ្លាញចោលនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១៤២ ០០០ គ្រាប់។ លទ្ធផលនៃការខិតខំប្រឹងប្រែងនេះ បានរំដោះផ្ទៃដីប្រកបដោយគ្រោះថ្នាក់បានទំហំជាង ២២៧ គីឡូម៉ែត្រក្រឡា ដែលស្មើនឹងទំហំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ទាំងមូល ប្រគល់ជូនប្រជាពលរដ្ឋវិញសម្រាប់ប្រើប្រាស់ជាដីស្រែចម្ការ អាជីវកម្ម និងបង្កើនចលនាសេដ្ឋកិច្ចគ្រួសារ។
បេសកកម្មបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលកំពុងបន្តយ៉ាងសកម្មនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពរឹងមាំ និងភាពស្ថិតស្ថេរនៃទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ កិច្ចសហការជិតស្និទ្ធនេះ បង្ហាញពីលទ្ធផលជាក់ស្តែងដែលប្រជាជាតិទាំងពីរអាចសម្រេចបានរួមគ្នា ដើម្បីការពារជីវិតមនុស្ស បង្កើតឱកាសថ្មីៗ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
សូមជម្រាបជូនថា ការអភិវឌ្ឍ និងការប្រគល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋវិញ តាមរយៈកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអង្គការ HALO Trust គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបេតិកភណ្ឌសង្គ្រាម។ ការបន្តបោសសម្អាតគ្រាប់មីន មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្ស និងកាត់បន្ថយគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជំរុញជីវភាពប្រជាកសិករ និងបង្កើតសន្តិសុខសង្គមប្រកបដោយចីរភាពនៅកម្ពុជា។ (អានបន្ថែម)

- Video Advertisement -