កម្ពុជាប្តេជ្ញាបោសសម្អាតមីននិងសំណល់ជាតិផ្ទុះឲ្យអស់នៅឆ្នាំត្រឹមឆ្នាំ ២០៣៥
កម្ពុជាបានប្រកាសដាក់ចេញនូវគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដោយក្នុងនោះ ត្រឹមឆ្នាំ២០៣៥ កម្ពុជា បានប្តេជ្ញាបោសសម្អាតមីននិងសំណល់ជាតិផ្ទុះ ឲ្យអស់។ នេះបើតាម ការលើកឡើងរបស់ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នៅលើទំព័រហ្វេសប៊ុក
ឯកឧត្តម លី ធុជ បានឱ្យដឹងបន្តថា គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ នឹងនាំមកនូវការផ្លាស់ប្តូរសំខាន់មួយ។ ជាងបីទសវត្សរ៍ ការវាស់វែងភាពជោគជ័យ មិនត្រឹមតែតាមផ្ទៃដីដែលបានបោសសម្អាតទេ ថែមទាំងត្រូវវាស់តាមអ្វីដែលប្រជាជនអាចកសាង និងទទួលបានពីដីដែលបានបោសសម្អាតរួច។
ឯកឧត្តមបន្តថា កម្ពុជានឹងនៅបន្តបោសសម្អាត ហើយបោសសម្អាតឱ្យទាស់តែអស់ ពោលនៅត្រឹមឆ្នាំ២០៣៥ កម្ពុជាបានប្តេជ្ញាឱ្យគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៖ ប្រទេសមួយដែលគ្មានសហគមន៍ណាមួយ រស់នៅដោយមានការគំរាមកំហែងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ។
បើតាមឯកឧត្តម លី ធុជ បានបញ្ជាក់ថា ការប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦–២០៣៥» នាពេលនេះ គឺធ្វើឡើងស្រប់តាមអនុសាស្រ្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កម្ពុជាបានប្រកាសជាផ្លូវការនូវគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ក្នុងគោលបំណងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលត្រូវបានកំណត់ រួមបញ្ចូលទាំងទីតាំងដែលរងការវាយប្រហារពីយោធាថៃកាលពីឆ្នាំ២០២៥ផងដែរ។ គោលដៅចម្បងរបស់គោលនយោបាយនេះដែរ គឺ រំដោះផ្ទៃដីដែលដឹងថាមានមីនទាំងអស់ត្រឹមឆ្នាំ២០៣០ និងផ្ទៃដីដែលដឹងថាមានគ្រាប់បែកចង្កោមទាំងអស់និងផ្ទៃដីអាទិភាពដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រឹមឆ្នាំ២០៣៥។
សូមជម្រាបដែរថា ចាប់តាំងពីកម្មវិធីសកម្មភាពមីនមនុស្សធម៌បានចាប់ផ្តើមនៅឆ្នាំ ១៩៩២ កម្ពុជាបានបោសសម្អាត និងរំដោះផ្ទៃដីមានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣.៥៤១ គីឡូម៉ែត្រក្រឡា ក្នុងនោះបានរកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សជាង ១,២ លានគ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦.៧០០ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣,២៤ លានគ្រាប់ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥៕ (អានបន្ថែម)

- Video Advertisement -