កម្ពុជាដាក់ឱ្យប្រើប្រាស់ខ្សែបណ្តាញអគ្គិសនី ៣៥គីឡូវ៉ុល ភ្ជាប់កោះរ៉ុងទៅកោះរ៉ុងសន្លឹមជាផ្លូវការ
អគ្គិសនីកម្ពុជាពង្រីកបណ្តាញអគ្គិសនីជាតិដល់សហគមន៍នៅឯនាយសមុទ្រ ដើម្បីជំរុញវិស័យទេសចរណ៍ និងសន្តិសុខថាមពល
រាជរដ្ឋាភិបាល តាមរយៈអគ្គិសនីកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យប្រើប្រាស់ខ្សែបណ្តាញអគ្គិសនី ៣៥គីឡូវ៉ុល ភ្ជាប់កោះរ៉ុង–កោះរ៉ុងសន្លឹម ជាផ្លូវការហើយ។
សេចក្តីជូនដំណឹងចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា គម្រោងសាងសង់ខ្សែបណ្តាញអគ្គិសនីកម្លាំង ៣៥ គីឡូវ៉ុល ដែលភ្ជាប់ពីឆ្នេរកោះរ៉ុង ទៅកាន់កោះរ៉ុងសន្លឹម ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ តទៅ អគ្គិសនីកម្ពុជា ចាប់ផ្តើមបញ្ជូនថាមពលអគ្គិសនីតាមរយៈខ្សែបណ្តាញនេះ ដើម្បីផ្គត់ផ្គង់អគ្គិសនីជូនហេដ្ឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅលើកោះរ៉ុងសន្លឹម។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់ប្រជានេសាទ និងសាធារណៈជន ដែលធ្វើដំណើរឆ្លងកាត់តំបន់ខ្សែបណ្តាញបញ្ជូនរង ចាប់ពីឆ្នេរកោះរ៉ុង ទៅកាន់កោះរ៉ុងសន្លឹម ឱ្យមានការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសការប៉ះពាល់ទៅលើខ្សែបណ្តាញអគ្គិសនីទាំងប្រភេទអាកាស កប់ដី និងខ្សែក្រោមបាតសមុទ្រ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
សូមជម្រាប់ដែរថា ដើម្បីជួយសំរួលជីវភាពដល់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយាល ដូចជាបណ្តាកោះជាដើម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាបបានណែនាំឱ្យក្រសួងរ៉ែ និថាមពល ព្រមទាំងអគ្គិសនីកម្ពុជា សាងសង់ភ្ជាប់បណ្ដាញអគ្គិសនីទៅកាន់បណ្ដាកោះ នៅខេត្តព្រះសីហនុដើម្បីកាត់បន្ថយចំណាយ និងបង្កើនជីវភាពប្រជាពលរដ្ឋ៕

- Video Advertisement -