កម្ពុជា-ឡាវ ឯកភាពរួមគ្នាសិក្សាលទ្ធភាពតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនីទ្វេភាគីជាផ្លូវការ
ដោយមានការគាំទ្រពីធនាគារពិភពលោក កិច្ចព្រមព្រៀងដ៏សំខាន់រវាងក្រុមហ៊ុនផ្តល់សេវាសាធារណៈជាតិមានគោលបំណងធ្វើទំនើបកម្មបណ្តាញបញ្ជូន និងពន្លឿនការធ្វើសមាហរណកម្មថាមពលស្អាតក្នុងតំបន់។
កម្ពុជា-ឡាវ បានសម្រេចចុះហត្ថលេខាលើក្របខ័ណ្ឌសិក្សារួម លើការតភ្ជាប់ប្រព័ន្ធបញ្ជូនអគ្គិសនីទ្វេភាគី ដើម្បីជំរុញពាណិជ្ជកម្មថាមពលរវាងប្រទេសទាំងពីរ និងក្នុងតំបន់ឱ្យកាន់តែប្រសើរ។
ពិធីចុះហត្ថលេខាលើក្របខ័ណ្ឌសិក្សារួមនេះ បានធ្វើឡើងកាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ រវាងអគ្គិសនីកម្ពុជា (EDC) និង អគ្គិសនីឡាវ (EDL) ក្រោមវត្តមាន ឯកឧត្តម វិចទ័រ ហ្សូនា ឧត្តមមន្ត្រីថាមពលអាស៊ាន (Senior Official on Energy-SOE) និងជាអនុរដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល និងតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា និង តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសឡាវ និងធនាគារពិភពលោក (World Bank)។
គម្រោងសិក្សាលទ្ធភាពរួមគ្នារវាងប្រទេសទាំងពីរនេះ ទទួលបានជំនួយហិរញ្ញប្បទានពី ធនាគារពិភពលោក (World Bank) ដែលមានមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) ជាលេខាធិការដ្ឋានសម្របសម្រួល។ ការសិក្សានេះនឹងក្លាយជាមូលដ្ឋានដើម្បីគាំទ្រ និងអភិវឌ្ឍន៍ ការធ្វើពាណិជ្ជកម្មថាមពលក្នុងដំណាក់កាលដំបូង រវាងប្រទេសទាំងពីរ និងឈានដល់ការធ្វើពាណិជ្ជកម្មទូលាយក្នុងវិស័យថាមពលក្នុងតំបន់ ដែលក្នុងនោះការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង និងដំណើរការប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី ជាផ្នែកមួយដ៏សំខាន់សម្រាប់ការសិក្សានេះ។
លើសពីនេះ លទ្ធផលនៃការសិក្សា នឹងជំរុញដល់ការអភិវឌ្ឍគម្រោងថាមពលបៃតងជាគោល ដែលជាសក្តានុពលក្នុងប្រទេសទាំងពីរ ដើម្បីពង្រឹងសន្តិសុខថាមពល កាត់បន្ថយលើការនំាប្រេងឥន្ធនៈមកផលិតអគ្គិសនី និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោកផងដែរ៕

- Video Advertisement -