ត្រឹមឆ្នាំ២០២៣ កម្ពុជាមានសហគមន៍កសិកម្មជាង ១២០០ មានតម្លៃជាង ២៦លានដុល្លារ

គិតត្រឹមឆ្នាំ២០២៣ នេះ កម្ពុជាមានចំនួនសហគមន៍កសិកម្មនៅតាមបណ្តារាជធានីទាំង២៥ បានកើនឡើងដល់ចំនួន ១២៥១សហគមន៍ ក្រោមដើមទុនវិនិយោគសរុបជាង ២៦លានដុល្លារ។ នេះបើតាមពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ សហគមន៍ទាំងអស់នេះ មានសមាជិកសរុប ១៧០.២០៨នាក់ ក្នុងនោះស្រ្តីមាន ១០៧.៣៨០នាក់ ហើយមានភាគហ៊ុនសរុបប្រមាណ ១២.៨លានដុល្លារ។ បន្ថែមពីនេះ សហគមន៍កសិកម្មទាំងនេះ មានមុខរបរសំខាន់ៗ រួមមាន​ ការធ្វើផលិតកម្មកសិកម្ម ការធ្វើកសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាកម្មគាំទ្រដល់ផលិតកម្មកសិកម្ម ដោយក្នុងនោះមានមុខដំណាំសំខាន់ៗ ដូចជា​ដំណាំស្រូវ និងការផលិតស្រូវពូជ បន្លែ ស្វាយកែវរមៀត  ម្រេច មៀនប៉ៃលិន ពោត ស្វាយចន្ទី និងដំឡូងមីជាដើម​។ ថ្លែងក្នុងសន្និបាត ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ថា ក្រសួងនឹងជួយគាំទ្របន្ថែមក្នុងការរកដៃគូវិនិយោគ ព្រមទាំងការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ជំរុញការបង្កើតមូល​និធិជួយដល់សហគមន៍ កសាងនិងពង្រីកទៅតាមខ្សែបណ្តោយនៃក្រុមអ្នកផលិត ដើម្បីទទួលបានប្រាក់ចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ព្រមទាំងចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស។

អាន​បន្ថែម